«បើកបររថយន្តអគ្គិសនី​បី​ឆ្នាំ​នៅ​ជនបទ» ជាបទពិសោធន៍​របស់​អតីត​គ្រូបង្រៀន​ម្នាក់​​នៅ​អាម៉េរិក

នៅ​ក្នុង​តំបន់​ជនបទ​ដែល​មាន​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​មិន​ច្រើន​ លោក Frank Johnson អតីត​គ្រូបង្រៀន​មួយ​រូប​ រស់​នៅ​ក្នុង​តំបន់ Dade រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក បាន​ចែក​រំលែក​អំពី​ជីវភាព​ដែល​លោក​បានប្រើ​ប្រាស់​​រថយន្ត​អគ្គិសនី​​តាំង​ពី​ឆ្នាំ 2021​។

ចំណុចវិជ្ជមាន​របស់រថយន្ត​អគ្គិសនី​

នៅ​លើ​ទំព័រ Springfield News-Leader លោក Frank Johnson ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​របស់​លោក ភាគ​ច្រើន​ត្រូវ​បានបញ្ចូល​ថាមពល​អគ្គិសនី​ក្នុង​ផ្ទះ​​នៅ​ពេល​យប់​ ហើយ​សាក​ថ្ម​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ កូន​ស្រី​របស់​លោក ថែម​ទាំង​បើកបររថយន្ត​អគ្គិសនី​ពាស​ពេញ​សហរដ្ឋ​អាម៉េរិក​ ដោយ​ការ​បញ្ចូលថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​ចល័ត​។

ដោយ​សារ​តែ​មាន​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន (160 គីឡូម៉ែត្រ​/ស្ថានីយ) លោក​ Frank Johnson លែង​បារម្ភ​អំពី​រយៈ​ចម្ងាយ​ដែល​រថយន្ត​អគ្គិសនី​របស់លោក​ត្រូវ​ធ្វើ​ដំណើរ​។

អតីត​គ្រូបង្រៀន​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មាន​ភាព​ធន់ និង​ត្រូវ​ការ​ការ​ថែទាំ​តិច​ជាង​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​។ លោក​ថា រថយន្ត​អគ្គិសនី​សម​ស្រប​នឹង​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​​គ្រួសារ​​ អ្នក​ប្រគល់​ទំនិញ ក៏ដូចជា​សិស្ស​សាលា​​នៅ​ជនបទ ដោយ​សារ​តែ​ការ​ចំណាយ​ទៅ​លើ​អគ្គិសនី​ទាប​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​សាំង​។

លោក Frank បាន​ផ្ដល់​ជា​យោបល់​ថា សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជា​ញឹក​ញាប់ គួរ​តែ​ជិះ​រថយន្ត​ឈ្នួល បើ​សិន​មិន​ទាន់​ចង់​បោះ​បង់រថយន្ត​សាំង​។

លោក Frank Johnson អតីតគ្រូបង្រៀនមួយរូប រស់នៅក្នុងតំបន់ Dade រដ្ឋ Missouri សហរដ្ឋអាម៉េរិក

ចំណុច​អវិជ្ជមាន​របស់​រថយន្ត​អគ្គិសនី​

យោង​តាម​លោក Frank ចំណុច​អវិជ្ជមានមួយចំនួន​​របស់​រថយន្ត​អគ្គិសនី​ រួម​មាន​ រថយន្តថ្មីរបស់លោក ដំបូង​ឡើយ​សាក​ថ្ម​មួយ​ពេញ​ជិត​បាន​ 490 គីឡូម៉ែត្រ ប៉ុន្តែ​បី​ឆ្នាំ​ក្រោយ​មក សាកថ្ម​ម្ដង​​ជិះ​បាន​ 467 គីឡូម៉ែត្រ​។ រថយន្ត​អគ្គិសនី​ក៏​មាន​អាគុយផ្ទុក​អគ្គិសនី​ដូច​រថយន្ត​សាំង ដូច្នេះ​វា​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ក្រោយ​រយៈ​ពេល​ពី 5 ទៅ 7 ឆ្នាំ​។

ថាមពល​ថ្ម​របស់​រថយន្ត​អគ្គិសនី​នឹង​ឆាប់​អស់នៅ​ពេល​អាកាសធាតុចុះ​​ត្រជាក់ ដូច​ជាពេល​​មេឃ​​ភ្លៀង ឬធ្លាក់​ព្រឹល​ជា​ដើម បើធៀប​នឹង​រដូវ​ក្ដៅ​។

ប្រភេទ​រថយន្ត​អគ្គិសនី​

រថយន្ត​ដែល​ធ្វើ​ដំណើរ​ដោយ​អគ្គិសនី​ បច្ចុប្បន្ន​មាន​បី​ប្រភេទ​ធំៗ​ រួម​មាន រថយន្ត​អគ្គិសនី​សុទ្ធ (BEVs), រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​ធំ (Plug-In Hybrid / PHEV) និង​​រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​តូច​ (Hybrid / HEV)។

រថយន្ត​អគ្គិសនី​សុទ្ធ​ (BEVs) គឺជា​រថយន្ត​ដែល​ប្រើ​ប្រាស់តែ​​អគ្គិសនី​ពី​ថ្ម​ដ៏​ធំ​របស់​វា​។ ថ្ម​របស់​រថយន្ត​នេះ​អាច​បញ្ចូល​អគ្គិសនី​នៅ​តាម​ផ្ទះ ឬ​តាម​ស្ថានីយ​នានា​។

រថយន្ត​អគ្គិសនី​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​ធំ (Plug-In Hybrid / PHEV)​ គឺ​ជា​ប្រភេទ​រថយន្ត​ដែល​​ប្រើប្រាស់ថាមពលចេញពីម៉ូទ័រអាគុយដ៏ធំរបស់វាទាំងស្រុង ដើម្បីធ្វើដំណើរនៅលើគ្រប់ស្ថានភាពផ្លូវ និងល្បឿន។

ការប្រើប្រាស់នូវថាមពលដែលចេញពីម៉ូទ័រថ្មអាគុយនឹងបន្តររហូតដល់ថាមពលថ្មអាគុយនោះស្ថិតនៅកម្រិត​មួយដ៏ទាបបំផុត ទើបវាធ្វើការផ្លាស់ប្តូរទៅយកថាមពលដែលចេញពីម៉ាស៊ីនសាំងដើម្បីធ្វើការជំនួសវិញ។ អ្វីដែលជាផ្នែកមួយដ៏អស្ចារ្យរបស់រថយន្ត Plug-In Hybrid (PHEV) ដែលពុំមាននៅក្នុងរថយន្ត Hybrid (HEV) នោះគឺ ការបំពេញថាមពលថ្មឲ្យបានពេញវិញយ៉ាងរហ័ស តាមរយៈការបញ្ចូលថ្មពីប្រភពអគ្គីសនីតាមផ្ទះ ដែលវាមានលក្ខណៈដូចទៅនឹងការបញ្ចូលថ្មទូរស័ព្ទដៃរបស់យើងដែរ។

​​រថយន្ត​កូន​កាត់​សាំង​-អគ្គិសនី​ថ្ម​តូច​ (Hybrid / HEV) គឺជាប្រភេទរថយន្តដែលប្រើប្រាស់កំលាំងថាមពលពីម៉ូទ័រថ្មអាគុយនៅពេលដែលរថយន្តនេះរត់នៅក្នុងរយៈល្បឿនយឺត។ នៅពេលដែលអ្នកបើកបរចង់បង្កើនល្បឿន រថយន្តនេះត្រូវការបន្ថែមថាមពល តាមរយៈការទាញយកថាមពលពីម៉ាស៊ីនដែលប្រើប្រាស់សាំង។ ការបង្កើនល្បឿននៃការបើកបរនេះនឹងធ្វើឲ្យរថយន្តផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលថ្មអាគុយ ទៅប្រើប្រាស់ថាមពលពីម៉ាស៊ីនសាំងវិញ។ លើសពីនេះប្រសិនបើរថយន្តត្រូវការថាមពលច្រើនក្នុងពេលបើកបរ ដូចជាការបើកបរឡើងទីទួល ទាំងម៉ូទ័រថ្មអាគុយ និងម៉ាស៊ីនសាំងនឹងត្រូវបានប្រើប្រាស់ ដើម្បីឱ្យ​មានថាមពលគ្រប់គ្រាន់សំរាប់ស្ថានភាពផ្លូវបែបនេះ។

Advertisement