មក​មើល «​រ៉ូ​បូត​សុនក​លេង​បាល់​ទាត់» បាន​យ៉ាង​ស្ទាត់ជំនាញ

DribbleBot ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) អាច​លេង​បាល់ទាត់​នៅលើដី​ដែល​មាន​​សណ្ឋាន​​ច្រើន​ប្រភេទ។

​ត្រូវបាន​អ​ភ​វិ​ឌ្ឍ​ដោយ​បន្ទប់ពិសោធន៍ Improbable AI Lab របស់ MIT រ៉ូ​បូត DribbleBot គឺជា​សុនក​យន្ត​ជើង​បួន​អាច​បណ្ដើរ​បាល់​ឆ្លងកាត់​សណ្ឋាន​ដី​ច្រើន​ប្រភេទ មានដូចជា ខ្សាច់ ក្រួស ល្បាប់ និង​ព្រឹល។ បើសិន​ដួល រ៉ូ​បូត​នេះ​អាច​ក្រឡាប់​ខ្លួន​ក្រោកឈរ និង​បន្ត​បណ្ដើរ​បាល់។

«បើ​ទោះ​សមត្ថភាព​របស់ DribbleBot មិនបាន​ដូច Lionel Messi ប៉ុន្តែ​វា​នៅតែ​អាច​បណ្ដើរ​បាល់​បានល្អ​នៅលើ​ដី​ច្រើន​សណ្ឋាន​ដែល​មិន​រាបស្មើ» សាស្ត្រាចារ្យ Pulkit Agrawal ប្រធាន​បន្ទប់ពិសោធន៍ Improbable AI Lab បាន​ប្រាប់ Business Insider ដូច្នេះ។

រ៉ូ​បូត​នេះ​ប្រើប្រាស់​កញ្ចុំ​កាមេរ៉ា និង​ប្រព័ន្ធ​អង្គ​ញាណ​នៅខាងមុខ រួម​នឹង​កាមេរ៉ា​នៅលើ​ក្បាល​ដើម្បី​មើល​ទីតាំង​បាល់ ខណៈដែល​ជើង​ត្រូវ​ប្រើ​ដើម្បី​គ្រប់គ្រង​បាល់។ DribbleBot អាច​លេង​បាល់​បាន​តាមរយៈ​ការសរសេរ​កម្មវិធី​លើ​កុំព្យូទ័រ​ជាមុន ឬ​ត្រូវបាន​បញ្ជា​ដោយ​ដៃ។

DribbleBot របស់​​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) អាច​លេង​បាល់ទាត់​នៅលើដី​ដែល​មាន​​សណ្ឋាន​​ច្រើន​ប្រភេទ

យោងតាម Agrawal គោលដៅ​នៃ​ការផលិត​សុនក​រ៉ូ​បូត​នេះ​គឺ​ដើម្បី​ជួយ​មនុស្ស​ក្នុងការ​ស្វែងរក​ជនរ​ង​គ្រោះ​នៅលើ​ភូមិសាស្ត្រ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

MIT និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយចំនួន​ដូចជា Boston Dynamics, Ghost Robotics ឬ Anybotics ជាដើម បាន និង​កំពុង​ផលិត​បណ្ដា​រ៉ូ​បូត​ជើង​បួន​ដើម្បី​បម្រើ​ដល់​គោលដៅខុសៗគ្នា។ ក្នុងនោះ រ៉ូ​បូត​ដែល​ល្បីឈ្មោះ​ជាងគេ​គឺ​រ៉ូ​បូត​របស់ Boston Dynamics ដែលមាន Spot អាច​រត់ លោត ឡើង​ទួល ឆ្លងកាត់​ឧបសគ្គ ចាប់​កាន់​វត្ថុ​នានា និង​អាចបំពេញ​ការងារ​ប្រចាំថ្ងៃ ចាប់ពី​ការបើកទ្វារ​ជាដើម។ វា​ក៏​ត្រូវបាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​ល្បាត ជញ្ជូន​ទំនិញ និង​កម្សាន្ត​ផងដែរ៕

Advertisement