Nissan នឹង​បញ្ចេញ​​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​នៅ​លើទីផ្សារ​អន្តរជាតិ​ ដោយ​ចាប់​ផ្ដើម​នៅ​​ឥណ្ឌា?

ថ្មីៗនេះ មាន​ព័ត៌មាន​ថា រថយន្ត​អគ្គិសនី​ច្រើន​ម៉ូ​ដែល​ដែល​ផលិតឡើង​ក្រោម​កិច្ចសហការ​រវាង Nissan និង Renault នឹងត្រូវ​បានបង្ហាញ​នៅ​ប្រទេស​ឥណ្ឌា ខណៈ Nissan ឥណ្ឌា ក៏​នឹង​អាច​បញ្ចេញ​រថយន្ត​អគ្គិសនីដំបូងៗរបស់ខ្លួន។

សារព័ត៌មាន​មួយចំនួន​នៅ​ឥណ្ឌា បាន​រាយការណ៍​អំពី​ការធ្វើ​តេស្ត​រថយន្ត SUV អគ្គិសនី​ប្រភេទ​ប្រណិត Nissan Leaf ប៉ុន្តែ ក៏មាន​ដំណឹង​ថា Nissan នឹង​ដាក់លក់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​នៅ​ប្រទេស​ឥណ្ឌា។ រថយន្ត​តម្លៃ​ទាប​នេះ​នឹង​ប្រើប្រាស់​រូបរាង​របស់រ​ថ​យន្ត​ម៉ាស៊ីន​សាំង Micra ដែល​បាន​ឈប់​ផលិត​នៅ​ឥណ្ឌាទៅ​ហើយ​។

កាលពី​ឆ្នាំមុន Nissan បានបង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ។ រថយន្ត​អគ្គិសនី​នេះ​គឺ​ត្រូវ​បាន​យោង​ទៅតាម​ម៉ូ​ដែល​រថយន្ត​សាំង Micra និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើ​បច្ចេកវិទ្យា CMF-BEV ថ្មី។ Nissan Micra Electric ដែល​ជិត​នឹង​បង្ហាញខ្លួន​នឹងមាន​រូបរាង​ទាន់សម័យ រួម​នឹង​មុខងារ​ដ៏​អស្ចារ្យ​ជាច្រើន។

បច្ចុប្បន្ន ក្រុមហ៊ុន Nissan កំពុង​ប្រឹងប្រែង​ផលិត និង​គ្រោង​ចែកចាយ​រថយន្ត​អគ្គិសនី​ក្នុង​បរិមាណ​ច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្រោម​កិច្ចសហការ​របស់ Renault និង Mitsubishi។

Nissan ណែនាំរថយន្តអគ្គិសនីស៊េរីថ្មីទៅកាន់ទីផ្សារអឺរ៉ុប

រថយន្ត​អគ្គិសនី​ដែល​ប្រើប្រាស់​រូបរាង Nissan Micra នឹងធ្វើ​ដំណើរ​បាន​ជាង 300 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​មួយ​ពេញ ហើយ​វា​នឹង​ប្រជែង​ជាមួយ Tiago EV របស់ Tata Motors និង Comet EV របស់ MG ដែល​ជិត​មាន​វត្តមាន​ក្នុង​ទីផ្សារ។ ក៏ប៉ុន្តែ Nissan ឥណ្ឌា មិនទាន់​ប្រកាស​ជា​ផ្លូវការ​ស្ដីពី​ព័ត៌មាន​ខាងលើ​នៅឡើយ៕

Advertisement