AI Midjourney នៅ​ពីក្រោយ​រូបភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​នេះ

កាលពី​ខែ​មុន AI នេះ​បាន​បង្កើត​រូបភាព​ស្ដីពី​អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump ត្រូវបាន​ចាប់ខ្លួន

Midjourney ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅក្នុង​ចំណោម​កម្មវិធី​ប​ញ្ញា​និម្មិត (AI) ប៉ុន្តែ​កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​នៅពេល​ជួយ​បង្កើត​រូប​ភាពដូច​ពិតៗ​ជា​បន្តបន្ទាប់​ដ៏​គួរឱ្យភ្ញាក់ផ្អើល។

ទន្ទឹមនឹង ChatGPT របស់ OpenAI គេ​ឃើញ​មាន Midjourney ក៏​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​វិស័យ​បញ្ញា​និម្មិត (AI) ព្រោះ​សារតែ​វា​មាន​សមត្ថភាព​បង្កើត​រូបភាព​ដូច​មែនទែន ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​អធិប្បាយ​ខ្លី។

Midjourney បង្ហាញខ្លួន​​ក្នុង​​ឆ្នាំ 2021 ប៉ុន្តែ​បាន​លេចធ្លោ​ឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​កន្លង នៅពេល​វា​អនុញ្ញាតឱ្យ​បង្កើត​រូបភាព​ដូចពិត។ Midjourney ត្រូវបាន​វាយតម្លៃថា​ជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​បង្ហាញ​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​បញ្ញា​និម្មិត។ ក្នុង​មួយឆ្នាំ​កន្លះ AI នេះ​មាន​អ្នកប្រើប្រាស់​ជាង 13 លាន​នាក់។ Midjourney ធ្លាប់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​បច្ចុប្បន្ន​វា​យក​ថ្លៃ​ពី 10 ទៅ 30 ដុល្លារ​សម្រាប់​បណ្ដា​កញ្ចប់​ពី​កម្រិត​មូលដ្ឋាន​ដល់​កម្រិត​ខ្ពស់។

ក្រុមហ៊ុន​គ្រប់គ្រង Midjourney មាន​បុគ្គលិក​ជាង 30 នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​ការងារ​ខាង​គ្រប់គ្រង ដឹក​នាំ​ ក្នុងនោះ​មានដូចជា CEO David Holz, ទីប្រឹក្សា​បួន​នាក់, ក្រុម​ស្រាវជ្រាវ និង​បច្ចេកទេស​មាន​គ្នា 8 នាក់ រួម​នឹង​ពីរ​នាក់​ទៀត​នៅក្នុង​ផ្នែក​ច្បាប់ និង​ហិរញ្ញវត្ថុ។ តួលេខ​នេះ​តិចជាង​ឆ្ងាយ​ធៀប​នឹង​រាប់រយ​នាក់​របស់ OpenAI ឬ​រាប់ពាន់នាក់​ក្នុង​ផ្នែក AI របស់ Microsoft, Google។

CEO David Holz

ថ្វីបើ Midjourney មាន​ភាព​អស្ចារ្យ ប៉ុន្តែ​ឧបករណ៍​នេះ​បង្កឱ្យមាន​ភាពចម្រូងចម្រាស​ច្រើន​ដោយសារ​តែមាន​អ្នកខ្លះ​ប្រើប្រាស់​វា​ក្នុង​គោលបំណងទាញ​ប្រយោជន៍​ពី​​នយោបាយ ហើយ​វា​ក៏​ធ្លាប់​​ត្រូវ​សហគមន៍​វិចិត្រករ​ប្រតិកម្ម​នៅពេល​វា​ជួយ​ឱ្យ​ជាងគំនូរ​មួយរូប​ដណ្ដើមបាន​ពានរង្វាន់​នៅក្នុង​ពិព័រណ៍​គំនូរ​នៅ​រដ្ឋ Colorado សហរដ្ឋ​អាម៉េរិក​កាលពី​ឆ្នាំ 2022។

រូបភាព​ «សម្ដេច​សង្ឃ Francis ពាក់​អាវធំ​ពណ៌​ស​លេង​ម៉ូដ» ក៏​ជាស្នាដៃ​របស់​បញ្ញានិម្មិត​ (AI) Midjourney

កាលពី​ខែ​មុន AI នេះ​បាន​បង្កើត​រូបភាព​ស្ដីពី​អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump ត្រូវបាន​ចាប់ខ្លួន និង​សម្ដេច​សង្ឃ Francis ពាក់​អាវធំ​ពណ៌​ស​លេង​ម៉ូដ។ Washington Post បាន​ផ្សាយ​ថា មនុស្ស​ជាច្រើន​ជឿថា រូបភាព​ទាំងនេះ​គឺជា​ការពិត នៅពេល​ពួកគេ​បានឃើញ​នៅលើ​បណ្ដាញ​សង្គម៕

Advertisement