​រថយន្ត​អគ្គិសនី​ខ្នាតតូច Seagull របស់​ BYD នឹង​មាន​តម្លៃ​ទាប​ខ្លាំង?

ក្រុមហ៊ុន​ចិន BYD កំពុង​ផ្ដោតទៅលើ​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់ខ្លួន ដោយ​សង្ឃឹមថានឹងអាច​​គ្រប់គ្រង​ទីផ្សាររថយន្ត​អគ្គិសនី​ខ្នាតតូច​តម្លៃ​ទាប និង​ដណ្ដើម​តំណែង​លេខ​មួយ​របស់​រថយន្ត Hongguang Mini។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បាន​ចែករំលែក​​រូប​ភាព​ស្ដីពី​ម៉ូ​ដែល​រថយន្ត​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា Seagull នៅលើ​ទំព័រ​បណ្ដាញ​សង្គម Wechat ប៉ុន្តែ​មិនទាន់​បង្ហើប​ព័ត៌មាន​លំអិត បើ​ទោះ​វា​មាន​វត្តមាន​ក្នុង​បញ្ជី​ទទួលស្គាល់​រថយន្ត​នៅ​ប្រទេស​ចិន​តាំងពី​ខែមករា 2023 និង​លក្ខណៈ​បច្ចេកទេសសំខាន់ៗត្រូវបាន​គេ​ដឹងនា​ពេល​កន្លង។

រថយន្ត​អគ្គិសនី​ខ្នាត​តូច​ BYD Seagull មាន​បណ្ដោយ 3,780 មិល្លីម៉ែត្រ, ទទឹង 1,715 មិល្លីម៉ែត្រ និង​កម្ពស់ 1,540 មិល្លីម៉ែត្រ។ បច្ចុប្បន្ន រថយន្ត​តូច​បំផុត​របស់ BYD ដែល​កំពុង​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ មាន​ទំហំ 4,125 មិល្លីម៉ែត្រ x 1.770 មិល្លីម៉ែត្រ​ x 1.570 មិល្លីម៉ែត្រ។

រថយន្ត​អគ្គិសនី BYD Seagull ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​តែមួយគត់​ដែលមាន​កម្លាំង 55 kW និង​មាន​ល្បឿន​អតិបរមា 130 គីឡូម៉ែត្រ/ម៉ោង។ រថយន្ត​នេះ​មាន​កំណែ​ថ្ម 30 kWh និង​ 38 kWh ធ្វើដំណើរ​បាន​ចម្ងាយ 305 គីឡូម៉ែត្រ និង 405 គីឡូម៉ែត្រ។

រថយន្ត​អគ្គិសនី BYD Seagull

ដើមខែ​នេះ បណ្ដា​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​លើ​បណ្ដាញ​សង្គម​បង្ហាញថា BYD Seagull នឹងមាន​តម្លៃ​ចាប់ពី 9,550 ដុល្លារ​អាម៉េរិក ហើយ​ថា​នឹងត្រូវ​បង្ហាញខ្លួន​នៅ​ថ្ងៃទី 18 មេសា 2023។ ក៏ប៉ុន្តែ ក្រោយមក BYD បានចេញ​មុខ​ហៅ​ព័ត៌មាន​ខាងលើ​ថា​ជា​រឿង​មិន​ពិត និង​និយាយថា តម្លៃ​ប្រហាក់ប្រហែល​សម្រាប់ Seagull គឺ 11,600 ដល់ 14,510 ដុល្លារ​អាម៉េរិក៕

Advertisement