ក្រុម​ហ៊ុន​ Toyota ដាក់​បង្ហាញ Lexus RZ អគ្គិសនី​នៅ​ទីផ្សារ​ជប៉ុន

Toyota Motor Corp កាលពី​ថ្ងៃ​ទី 31 មីនា បានបង្ហាញ​រថយន្ត​អគ្គិសនី Lexus RZ EV នៅ​ទីផ្សារ​ជប៉ុន ជា​ផ្នែក​មួយ​ក្នុងការ​ប្រឹងប្រែង​ផលិត​រាល់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​ដែល​បានកំណត់​គោលដៅ​ត្រឹម​ឆ្នាំ 2035។

ក្រុមហ៊ុន Toyota ឱ្យដឹងថា ម៉ូ​ដែល SUV អគ្គិសនី​នេះ​មានតម្លៃ​ចាប់ពី 66,000 ដល់ 70,700 ដុល្លារ​អាម៉េរិក ហើយ​គ្រោង​នឹង​ដាក់លក់​ក្នុងប្រទេស​ប្រហែល 50 ជាមួយ​នឹង​គោល​ដៅ​​លក់​ឱ្យ​បាន​ប្រហែល 2,700 គ្រឿង​ជា​រៀងរាល់ខែ។

RZ គឺជា​ម៉ូ​ដែល​រថយន្ត​ដំបូង​គេ​របស់ Lexus ដែល​មានតែ​កំណែ​អគ្គិសនី។ Toyota បាន​បញ្ចេញ UX300e ដែលជា​កំណែ​អគ្គិសនី​របស់​ម៉ូ​ដែល Lexus មួយ​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង កាលពី​ឆ្នាំ 2020។

Lexus RZ EV មាន​ថ្ម​ដែល​អាច​ផ្ទុក​អគ្គិសនី​បាន 71.4 គីឡូវ៉ាត់ម៉ោង ជួយ​ឱ្យ​រថយន្ត​អាច​បរបាន​ប្រហែល 490 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។

Toyota មាន​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ចំនួន 100 កន្លែង សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជប៉ុន ទន្ទឹមនឹង​ការផ្ដល់​សេវាកម្ម​ថ្មី​សម្រាប់​ម្ចាស់​រថយន្ត​អគ្គិសនី​ដើម្បី​កក់​កន្លែង​សាក់​ថ្ម​រថយន្ត​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ៕

Advertisement