Nokia រៀប​ផែន​ការនាំ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia នឹង​នាំយក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​រ៉ុក្កែត SpaceX នៅ​ចុងឆ្នាំ 2023 ក្នុងទិសដៅ​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ទំនាក់ទំនង​របស់​មនុស្ស​ក្នុង​ទី​អវកាស។

Luis Maestro Ruiz De Temino ប្រធាន​វិស្វករ​របស់ Nokia បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​រៀប​គម្រោង​នាំយក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​ដាក់​លើ​ឋាន​ព្រះ​ចន្ទ​ក្នុងអំឡុង​ប៉ុន្មាន​ខែ​ខាងមុខ។ ផែនការ​នេះ​គ្រោង​នឹង​សម្រេចបាន​នៅ​ចុងឆ្នាំ 2023។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNBC។

ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G របស់ Nokia នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ស្ថានីយ​មួយ​ដែលមាន​អង់​តែ​ន។ ស្ថានីយ​នេះ​នឹងត្រូវ​បាន​ដំឡើង​ក្នុង​យាន​ចុះចត​លើ​ព្រះ​ចន្ទ Nova-C ដែល​រចនា​ដោយ​ក្រុមហ៊ុន​អវកាស​អាម៉េរិក Intuitive Machines។ យាន​បើកបរ​ស្វ័យប្រវត្ត​លើដី​ព្រះ​ចន្ទ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ក៏​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ។

យោងតាម Nokia ការតភ្ជាប់​ប្រព័ន្ធ LTE នឹង​ត្រូវបាន​បង្កើតឡើង​រវាង​យានអវកាស និង​យាន​ចុះចត។ យាន​ចុះចត​នឹង​ត្រូវបាន​បញ្ចេញ​ពី​រ៉ុក្កែត SpaceX ហើយ​ចុះចត​លើ​មាត់​ភ្នំភ្លើង Shackleton នៅ​ភាគខាងត្បូង​ឋាន​ព្រះ​ចន្ទ។

ក្រុមហ៊ុន Nokia ឱ្យដឹងថា ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ Artemis 1 របស់​ណា​សា។ ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​អ្នក​អវកាស​ទាក់ទង​គ្នា​បាន​នោះទេ តែ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ភារកិច្ច​មួយចំនួន​មានដូចជា ការបញ្ជា​យាន​ស្វ័យប្រវត្ត​ពី​ចម្ងាយ ការបញ្ជូន​វីដេអូ​ផ្សាយ​ផ្ទាល់ និង​ការផ្ញើ​ទិន្នន័យ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដីភ្លាមៗផងដែរ។

មួយ​ក្នុងចំណោម​ការរំពឹង​ធំជាងគេ​របស់ Nokia នៅក្នុង​បេសកកម្ម​បង្កើត​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​លើ​ឋាន​ព្រះ​ចន្ទ គឺ​ការស្វែងរក​ទឹកកក​នៅលើ​ផ្ទៃ​របស់​ពិភព​រណប​មួយ​នេះ៕

Advertisement