បេតុង​ឆ្លាត​វៃ​​ពហុ​មុខ​ងារ​អាច​ផលិត​អគ្គិសនី​ដោយ​ស្វ័យប្រវត្ត

រូប​ភាព​ស្ដី​ពី​វត្ថុ​ធាតុ​ឆ្លាត​វៃ​ខាង​ក្នុង​ផ្លូវ​ល្បឿន​លឿន​

(សហរដ្ឋ​អាម៉េរិក) – ក្រុម​វិស្វករ​នៅ​សាកលវិទ្យាល័យ Pittsburgh (Pitt) អភិវឌ្ឍ​បេតុង​ឆ្លាត​វៃ​ស្រាល​ពហុមុខ​ងារ​មួយ​ប្រភេទ​ដែល​អាច​កែសម្រួល​លក្ខណៈពិសេស​ដើម្បី​តម្រូវ​ទៅតាម​សំណង់​នានា និង​ផលិត​អគ្គិសនី​ដោយ​ខ្លួនឯង។

វត្ថុ​ធាតុ​ដ៏​អស្ចារ្យ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ពី​ប្រព័ន្ធ auxetic polymer ដែល​ត្រូវបាន​បំពេញបន្ថែម​នៅ​ខាងក្នុង​ម៉ា​ទ្រី​ស​ស៊ីម៉ង់​ចម្លង​ចរន្តអគ្គិសនី។ ស៊ីម៉ង់​ចម្លង​ចរន្តអគ្គិសនី​ដែល​ត្រូវបាន​ពង្រឹង​ដោយ​ម្សៅ graphite បង្កើតបានជា​អេឡិចត្រូត។ ការជំរុញ​យន្តការ​មេកា​និក​អាច​នាំឱ្យមាន​ចរន្តអគ្គិសនី​នៅក្នុង​ចន្លោះ​នៃ​បណ្ដា​ស្រទាប់​ខាង​ក្នុង​បេតុង។

បេតុង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់ Amir Alavi ជំនួយការ​សាស្ត្រាចារ្យ​វិស្វកម្ម​សំណង់​ស៊ីវិល និង​បរិស្ថាន​នៅ Pitt មិនអាច​ផលិត​អគ្គិសនី​ច្រើន​គ្រប់គ្រាន់​ដើម្បី​បញ្ចូល​ទៅក្នុង​បណ្ដាញ​អគ្គិសនី ប៉ុន្តែ​អាច​ប្រើប្រាស់​ដើម្បី​តាមដាន​ការខូចខាត​ផ្នែក​ខាងក្នុង​របស់​សំណង់​បេតុង។ លទ្ធផល​នៃ​ការស្រាវ​ជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Advanced Materials និង​ត្រូវ​បាន​ដក​ស្រង់​ និង​រាយការណ៍​កាលពី​ថ្ងៃទី 22 មីនាដោយ​គេហទំព័រ New Atlas។

 

ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ប្រភេទ​បេតុង​ពហុមុខ​ងារ​ថ្មី​នេះ​អាច​នឹង​​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។ វត្ថុ​ធាតុ​នេះ​ក៏​អាច​ផ្ដល់​អគ្គិសនី​ដល់​ឈី​ប​ដែល​ភ្ជាប់​ក្នុង​ផ្លូវ​ល្បឿន​លឿន​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត​របស់​រថយន្ត នា​ពេល​អនាគត។ ប៉ុន្តែ បច្ចុប្បន្ន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​រក​វិធី​ដើម្បី​បន្ត​អភិវឌ្ឍ​បេតុង​នេះ​ឱ្យដល់​ចំណុច​ដែល​ពួកគេ​ចង់បាន៕

Advertisement