ក្រុមហ៊ុន​​មេ​របស់ Facebook បង្កើត​ «បណ្ដាញ​សង្គម​ថ្មី​» ដើម្បី​ប្រជែង​នឹង Twitter

Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook កំពុង​រៀប​ផែនការ​អភិវឌ្ឍ​បណ្ដាញ​សង្គម​ថ្មី​មួយ​ទៀត​​ដែល​ផ្ដោតលើ​អត្ថបទ ក្នុង​បំណង​ប្រកួតប្រជែង​ជាមួយ Twitter របស់​មហាសេដ្ឋី Elon Musk។

«យើង​កំពុង​សិក្សា​ស្រាវជ្រាវ​បណ្ដាញ​សង្គម​វិ​ម្ឈ​ការ​ឯករាជ្យ ផ្ដោតទៅលើ​ការចែករំលែក​ព័ត៌មាន​ក្នុង​ទម្រង់​អត្ថបទ។ យើង​ជឿថា​មានឱកាស​ក្នុងការ​ស្ថាបនា​បរិស្ថាន​ដោយឡែក អនុញ្ញាតឱ្យ​អ្នកនិពន្ធ និង​បុគ្គល​ល្បីឈ្មោះ​បង្ហោះ​ព័ត៌មាន​បាន​ទាន់ពេល» អ្នកនាំពាក្យ​របស់ Meta កាលពី​ថ្ងៃទី 10 មីនា និយាយ​ដូច្នេះ។

គម្រោង​ដែលមាន​ឈ្មោះ​កូដថា P92 នេះ ត្រូវបាន​អភិវឌ្ឍ​ទៅជា​កម្មវិធី​ទូរស័ព្ទ (App) ដាច់ដោយឡែក ប៉ុន្តែ​អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​ដោយ​គណនី Instagram។ សកម្មភាព​នេះ​នឹង​ជួយ​ឱ្យ Meta ទាក់ទាញ​អ្នកប្រើប្រាស់​មួយចំនួន​ពី​បណ្ដាញ​សង្គម Twitter ជា​ក្រុម​ដែល​ចង់​ចាក​ចោល​ ឬ​បាន​ចាក​ចោល​​​បណ្ដាញ​សង្គម​របស់ Elon Musk ដោយសារតែ​ការកំណត់​ថ្មី​មួយចំនួន។

ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា P92 ត្រូវបាន​គ្រប់គ្រង​ដោយ​នាយក​ប្រតិបត្តិ​របស់ Instagram លោក Adam Mosseri។ នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​របស់ Meta ដើម្បី​ពង្រីក​ខ្លួន​ចេញពី Facebook, WhatsApp និង Instagram និង​ដើម្បី​វាយលុក​ទីផ្សារ​ដែល​កំពុង​គ្រប់គ្រង​ដោយ Twitter។

Facebook, Instagram និង Twitter គឺជា​បណ្ដាញ​សង្គម។ ក៏ប៉ុន្តែ Facebook ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ជួយ​ឱ្យ​មនុ​ស្សត​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា ដោយមាន​បំពាក់​មុខងារ​ជាច្រើន មាន​ជាអាទិ៍ មុខងារ​សរសេរ status, បង្ហោះ​រូបថត វីដេអូ និង​លេង​ហ្កេ​ម​ជា​ដើម​។ ចំណែក Instagram វិញ គឺជា​បណ្ដាញ​សង្គម​ចែករំលែក​រូបថត។ រីឯ Twitter ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ការ​បង្ហោះ​សារខ្លីៗ។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា Meta ចាប់ផ្ដើម​អភិវឌ្ឍ​គម្រោង P92 នៅ​​ពេលណា ហើយ​បានចាប់ផ្ដើម​ដំណើរការ​អភិវឌ្ឍ​ហើយ ឬ​នៅ៕

Advertisement