គម្រោង​បញ្ចុះ​កម្ដៅ​ផែនដី​ដោយ​ប្រើប្រាស់​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស

រូប​ភាពបង្ហាញ​ពី​ការ​ប្រើប្រាស់កញ្ចក់​ខ្នាតយក្ស​នៅ​ទីអវកាស ដើម្បី​ស្កាត់​ពន្លឺ​ព្រះអាទិត្យ

អង្គការសហប្រជាជាតិ​កំពុង​ពិចារណា​លើ​សំណើ​ពង្រាយ​កញ្ចក់​ខ្នាត​យក្ស​ក្នុង​ទី​អវកាស​ដើម្បី​បញ្ចៀស​គ្រប់គ្រង​ពន្លឺព្រះអាទិត្យ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កម្ដៅ​ផែនដី​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​សកលលោក។

របាយការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​ស្ដីពី​អាកាសធាតុ មនុស្សលោក​អាច​ត្រូវការ​ដំឡើង​ផ្ទាំង​កញ្ចក់​ដ៏​ធំ​ដើម្បី​បង្វែរ​ពន្លឺព្រះអាទិត្យ​ទៅកាន់​ទី​អវកាស។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 02 មីនា។

«ក្នុងចំណោម​គំនិត​ដែល​ត្រូវបាន​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​លើកឡើង​ដើម្បី​ទប់ស្កាត់​បញ្ហា​បន្ទាន់​ស្ដីពី​អាកាសធាតុ ​គឺ​ការកែប្រែ​វិទ្យុសកម្ម​ព្រះអាទិត្យ (SRM)។ SRM គឺជា​វិធី​តែមួយគត់​ដែល​គេ​ស្គាល់​ថា អាច​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ» របាយការណ៍​ខាងលើ​បានឱ្យដឹង​ដូច្នេះ។ ការពិសោធ​នានា​ទាក់ទង​នឹង​អាកាសធាតុ​សុទ្ធតែ​បង្ហាញថា SRM អាច​គ្រប់គ្រង​ផលប៉ះពាល់​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​កម្ដៅ​ផែនដីកើន​ឡើង។

ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​សង្កត់ធ្ងន់ថា គេ​ត្រូវការ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ដើម្បី​យល់ច្បាស់​នូវ​ផលវិបាក​ដែល​អាច​នឹងកើត​​ឡើង​នៅ​ពេល​​ប្រើប្រាស់​​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ផែនដី៕

Advertisement