រ៉ុក្កែត​ធំជាងគេ​លើ​ពិភពលោក អាច​មើល​ឃើញ​​​ពីលើ​មេឃ

(សហ​ដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Airbus បាន​ចែករំលែក​រូបថត​ស្ដីពី​ប្រព័ន្ធ​រ៉ុក្កែត-យានអវកាស Starship កម្ពស់​120 ម៉ែត្រ របស់ SpaceX ដែល​ថត​បាន​ពី​គន្លង​គោ​ចរក​ម្រិត​ទាប​របស់​ផែនដី។

SpaceX បាន​ដំឡើង​រ៉ុក្កែត Starship ខ្នាត​យក្ស​កាលពីដើម​សប្ដាហ៍​នេះ ដោយ​ដាក់​យានអវកាស Ship 24 នៅលើ​កំណាត់​ដំបូង​គេ​ដែលមាន​ឈ្មោះថា Booster 7 នៅក្នុង​មូលដ្ឋាន Starbase ក្បែរ​ទីក្រុង Brownsville ភាគខាងត្បូង​រដ្ឋ Texas។ កម្ពស់​សរុប​របស់ Ship 24 – Booster 7 គឺ 120 ម៉ែត្រ និង​ធំ​ជាង​រ៉ុក្កែត​ព្រះ​ចន្ទ Saturn V និង​ប្រព័ន្ធ​បាញ់​បង្ហោះ SLS ថ្មី​របស់ ណា​សា ដែល​ប្រើ​ក្នុង​បេសកកម្ម Artemis 1 ទៅទៀត។ Starship ធំ​ល្មម​អាច​មើលឃើញ​ពី​គន្លង​គោចរ​របស់​​ផ្កាយរណប​ដែលមាន​កាមេរ៉ា​​មាន​គុណភាព​បង្ហាញ​ខ្ពស់។ រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប Pleiades Neo របស់ Airbus ត្រូវបាន​ចែករំលែក​កាលពី​ថ្ងៃទី 12 មករា។

បច្ចុប្បន្ន Airbus មាន​ផ្កាយរណប​ថតរូប​ផែនដី Pleiades Neo ចំនួន​ពីរ​គ្រឿង ដែល​អាច​ថត​យក​រូប​ភាព​របស់​វត្ថុតូចៗត្រឹម 30 សម ពី​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ កាលពី​ខែធ្នូ 2022 Airbus បាន​បញ្ជូន​ផ្កាយរណប​ប្រភេទ​នេះ​ចំនួន​ 2 ​គ្រឿង​ទៀត​ឡើងទៅ​កាន់​អវកាស ប៉ុន្តែ​បាន​បាត់ដាន។

ក្រុមហ៊ុន SpaceX ក៏បាន​ចែករំលែក​រូបថត​ស្ដីពី Starship កាលពី​ថ្ងៃទី 12 មករា។ ក្នុង​រូបថត​ទាំងនោះ​បង្ហាញថា Starship ឈរ​ខ្ពស់កប់ពពកទាប​​នៅ Starbase។ SpaceX កំពុង​ត្រៀម Ship 24 និង Booster 7 សម្រាប់​ការសាកល្បង​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំនេះ ប៉ុន្តែ​យាន Ship 24 នឹងត្រូវ​ដោះចេញ​មុនពេល​បាញ់​បង្ហោះ​សាកល្បង​រ៉ុក្កែត។

នេះ​គឺជា​ការសាកល្បង​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​ជា​លើកដំបូង​របស់ Starship ក្នុង​រង្វង់​ជិត 2 ឆ្នាំ​កន្លង។ មុន​នោះ ការបាញ់​បង្ហោះ​សាកល្បង​លើកចុងក្រោយ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែឧសភា 2021 ដែល Starship បាន​ហោះ​ឡើងដល់​កម្ពស់ 10 គីឡូម៉ែត្រ ពីលើ Texas មុនពេល​ចុះចត​ដោយ​ជោគជ័យ៕

Advertisement