(វីដេអូ)-NASA បង្ហើប​ឱ្យឃើញ​រ៉ុក្កែត​កម្ពស់​ជិត​ 100 ម៉ែត្រ សម្រាប់​បេសក​កម្ម​​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ ក្នុង​ពេល​ឆាប់ៗ​នេះ

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) កំពុង​បង្ហើយ​ការងារ​ចុងក្រោយ​មួយចំនួន​ដើម្បី​ត្រៀម​សម្រាប់​បេសកកម្ម Artemis ដំបូង​នៅ​ឆ្នាំក្រោយ។

NASA កំពុង​តែមាន​គោលដៅ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី ក្រោយ​រយៈពេល 5 ទសវត្សរ៍ រាប់​ចាប់ពី​ព្រឹត្តិការណ៍​ឡើង​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​កម្មវិធី Apollo 17 កាលពី​ឆ្នាំ 1972។ គម្រោង​ថ្មី (Artemis) នេះ រួមមាន បេសកកម្ម Artemis 1, 2, 3 ដែល​គ្រោង​អនុវត្ត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ 2022, 2023 និង 2024។

កាលពី​ថ្ងៃទី 5 វិច្ឆិកា NASA បានឱ្យដឹងថា ពួកគេ​សម្រេចបាន​ការងារសំខាន់ៗមួយចំនួន នៅពេល​ដំឡើង​យានអវកាស Orion ទៅលើ​ក្បាល​រ៉ុក្កែត SLS Block 1 ដែលមាន​កម្ពស់ 98 ម៉ែត្រ ខាងក្នុង​រោងចក្រ​ដំឡើង​នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ NASA ដែលមាន​ទីតាំងនៅ​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។

បេសកកម្ម​ដំបូង (Artemis 1) គឺជា​ការហោះហើរ​គ្មាន​មនុស្ស​បើកបរ ដើម្បី​ពិនិត្យ​ស្ថានភាព​ហោះហើរ​ក្នុង​ទី​អវកាស​ជ្រៅ​របស់​យាន Orion ហើយនឹង​ចុះចត​លើ​ផែនដី​វិញ ដោយ​ប្រើ​ឆត្រយោង។

បើសិនជាអ្វីៗដំណើរការ​ដោយ​រលូន នោះ Artemis 1 នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។ ចំណែក​បេសកកម្ម Artemis 2 និង Artemis 3 វិញ​គឺ សុទ្ធ​តែមាន​អវកាសយានិក​ទៅជា​មួយ។ តាម​ផែនការ Artemis 2 នៅតែ​ប្រើប្រាស់​រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បី​នាំ​យាន Orion ទៅ​ហោះហើរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ Artemis 3 នឹង​ប្រើប្រាស់​ប្រព័ន្ធ Starship របស់​ក្រុមហ៊ុន SpaceX ដើម្បី​នាំ​យាន Orion ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ។

ក្រុម​អវកាសយានិក​នៃ​បេសកកម្ម​នេះ នឹង​រួមមាន​ទាំង​ស្ត្រី​ដំបូង​គេ និង​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​ផងដែរ ដែល​នឹង​បាន​ជាន់ដី​នៅលើ​ឋាន​ព្រះ​ចន្ទ៕

Advertisement