ASKA A5 គឺជា «​ឡាន​ហោះ​កូនកាត់អគ្គិសនី-សាំង» ដំបូង​គេ​បង្អស់​លើ​ពិភពលោក

គំរូ​ដើម​ពេញលេញ​ដំបូង​របស់​យាន​ដែល​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ (eVTOL) ដំណើរការ​ដោយ​អគ្គិសនី ASKA A5 ត្រូវបាន​ក្រុមហ៊ុន NFT, Inc. បង្ហាញ​នៅក្នុង​ពិព័រណ៍ CES 2023។

ក្រុមហ៊ុន NFT, Inc. បាន​អភិវឌ្ឍ​ឡាន​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ (eVTOL) កូនកាត់ (hybrid) អគ្គិសនី ដំណើរការ​ដូច​ទៅនឹង​យន្តហោះ និង​រថយន្ត​មួយគ្រឿង។ ក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការ​នៅ California សហរដ្ឋ​អាម៉េរិក បាន​សម្ពោធ​សាល​តាំង​បង្ហាញ​ឡាន​ហោះ​ដំបូង​គេ​លើ​ពិភពលោក នៅ Los Altos កាលពី​ខែមេសា 2021 និង​បានប្រកាស​ទទួល​ការបញ្ជាទិញ​ជាមុន​នូវ​ឡាន​ហោះ​ដែលមាន​ឈ្មោះថា ASKA A5។

ASKA A5 មាន​ទំហំ​ប៉ុន​រថយន្ត SUV និង​ជា​យានយន្ត​អគ្គិសនី 4 កៅអី​ដំបូង​លើ​ពិភពលោក​ដែល​អាច​បើកបរ​លើផ្លូវ​គោក និង​ហោះ​បាន​ចម្ងាយ​ផ្លូវ​ជាង 400 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ។

ឡាន​កូនកាត់​យន្តហោះ​អគ្គិសនី​នេះ​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី​លី​ចូ​ម-អ៊ីយ៉ុង (lithium-ion) និង​ម៉ាស៊ីន​សាំង។ ប្រព័ន្ធ​ថាមពល​នេះ​អនុញ្ញាតឱ្យ ASKA A5 ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកបើកបរ ទាក់ទង​នឹង​ប្រភព​អគ្គិសនី។

ឡាន​ហោះ ASKA A5 អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់​ដែល​ប្រើប្រាស់​ទីលាន​ចង្អៀត​ក៏បាន និង​អាច​ហោះ​ឡើង និង​ចុះចត​លើផ្លូវ​រត់​ដូច​ទៅនឹង​យន្តហោះ​ធម្មតា​ក៏បាន៕

Advertisement