ទិន្នន័យ​របស់​អ្នកប្រើប្រាស់ 235 លាន​នាក់​នៅ Twitter ត្រូវបាន​ហែក​ឃើ​រ​បញ្ចេញ​ជា​សាធារណៈ

ក្រុម​ហែក​ឃើ​រ (Hacker) បានឱ្យដឹងថា លួចបាន​ទិន្នន័យ​នៃ​គណនី Twitter ជាង 400 លាន និង​បាន​បង្ហោះ​លើ​អ៊ី​ន​ធើរ​ណិ​ត​អស់​ពាក់កណ្ដាល។

យោងតាម Cybernews ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ចំនួន 235 លាន​នាក់​នៅ​លើ​ Twitter ត្រូវបាន​បង្ហោះ​លើ​វេទិកា​មួយ​ដែល​ជំនាញ​ក្នុង​ការទិញ​លក់​ទិន្នន័យ​របស់​ហែក​ឃើ​រ។ ទិន្នន័យ​ទាំងអស់នេះ​មាន​ទំហំ 63 GB ដោយមាន​ផ្ទុក​ឈ្មោះ​ អ៊ី​មេ​ល ចំនួន​អ្នកតាមដាន និង​ថ្ងៃខែ​បង្កើត​គណនី​របស់​អ្នកប្រើប្រាស់។

Washington Post រកឃើញថា ទិន្នន័យ​នេះ​គឺជា​ផ្នែក​មួយ​ក្នុងចំណោម 400 លាន​គណនី​ដែល ហែក​ឃើ​រ​បានប្រកាស​កាលពី​ថ្ងៃទី 23 ធ្នូ 2022 នៅលើ​វេទិកា​ទិញ​លក់ ប៉ុន្តែ ពេលនោះ​មាន​គណនី​តែ 1,000 ប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឱ្យចូល​​កាន់​កាប់​សាកល្បង។ នៅពេល​បង្ហោះ ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​បាន​ព្រមាន​ថា Elon Musk គួរតែ​ទិញ​ទិន្នន័យ​ទាំងនេះ​ទៅវិញ មិន​ដូច្នេះ​ទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ពី​អាជ្ញាធរ។

យោងតាម​សារ​របស់​ហែក​ឃើ​រ Twitter អាច​នឹងត្រូវ​បង់ប្រាក់​ពិន័យ 276 លាន​ដុល្លារ​អាម៉េរិក ទៅឱ្យ GDPR (General Data Protection Regulation គឺជា​បទ​ប្បញ្ញត្តិ​នៅក្នុង​ច្បាប់​សហភាព​អឺរ៉ុប​ស្តីពី​ការការពារ​ទិន្នន័យ និង​ភាព​ឯកជន​នៅក្នុង​សហភាព​អឺរ៉ុប និង​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប) ដូច​ទៅនឹង​ករណី Facebook បើ​មិន​ទិញ​ទិន្នន័យ​ទាំងនេះ។

ទិន្នន័យ​ដែល​ត្រូវបាន​លួច​ពី Twitter អាច​ត្រូវបាន​ក្រុម​ជនខិលខូច​យកទៅលក់ ឬ​ប្រើប្រាស់​ក្នុង​សកម្មភាព​​ទុច្ចរិត ក្នុងនោះ អ្នកនយោបាយ អ្នកមាន និង​បុគ្គល​ល្បីឈ្មោះ​ជា​ដើម​ អាច​ក្លាយជា​ជនរងគ្រោះ៕

Advertisement