រថភ្លើង​ក្រុង​ដែល​ដំណើរការ​ដោយ​​ថាមពល​អ៊ីដ្រូសែន ​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី (វីដេអូ)

(ប្រទេស​ចិន)- រថភ្លើង​ក្រុង​ដំណើរការ​ដោយ​អ៊ីដ្រូសែន និង​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី ត្រូវបាន​បើកបរ​ចេញពី​រោងចក្រ​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​សប្ដាហ៍​កន្លង។

រថភ្លើង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផ្លូវដែក Changchun Railway និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu នេះ ប្រើប្រាស់​បច្ចេកវិទ្យា​រប​ស់​រថភ្លើង​រាង​គ្រាប់កាំភ្លើង Fuxing និង​មាន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រព័ន្ធ​ថាមពល​អ៊ីដ្រូសែន ដែលជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​កម្លាំង​ខ្លាំង និង​មាន​ស្ថិរភាព​យូរអង្វែង អាច​រត់​បាន 600 គីឡូម៉ែត្រ ក្រោយ​ការបញ្ចូល​ថាមពល​មួយ​ពេញ។

យោងតាម​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់ Chengdu រថភ្លើង​នេះ​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន និង​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស (Supercapacitor) ដើម្បី​ផ្គត់ផ្គង់​ថាមពល។ ថាមពល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី (electrochemical reaction) របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​ក្នុង​ថ្ម​ផ្ទុក​ថាមពល។ ប្រតិកម្ម​នេះ​បំ​ភាយ​តែ​ទឹក និង​មិនមាន​អនុផល​ផ្សេង​ឡើយ ព្រមទាំង​មាន​ស្ថិរភាព និង​មិនមាន​សំឡេង​រំខាន​ច្រើន។

រថភ្លើង​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន ធ្វើដំណើរ 500 គីឡូម៉ែត្រ​រាល់ថ្ងៃ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ជាង 10,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ នេះ​បើតាម​ក្រុម​អ្នក​អភិវឌ្ឍ​ខាងលើ។

រថភ្លើង​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​សម្រាប់​ផ្លូវដែក​ក្នុង​តំបន់​ដែល​មិនទាន់មាន​បណ្ដាញ​អគ្គិសនី​ផងដែរ។

ប្រទេស​ចិន មាន​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​អ៊ីដ្រូសែន។ ដល់​ឆ្នាំ 2025 ប្រទេស​នេះ​គ្រោង​នឹងមាន​មធ្យោបាយ​ធ្វើដំណើរ​ប្រហែល 50,000 គ្រឿង​ដែល​ប្រើប្រាស់​ថ្ម​អ៊ីដ្រូសែន ហើយ​បរិមាណ​ផលិតផល​អ៊ីដ្រូសែន​ប្រចាំឆ្នាំ​ដែល​បានមកពី​ថាមពល​កកើតឡើង​វិញ​នឹង​សម្រេចបាន​ពី 100,000 ដល់ 200,000 តោន នេះ​បើតាម​ផែនការ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែមីនា 2022 ដោយ​គណៈកម្មការ​កំណែ​ទម្រង់ អភិវឌ្ឍ​ជាតិ និង​រដ្ឋបាល​ថាមពល​ជាតិ របស់ ប្រទេស​ចិន​៕

Advertisement