ក្រុមហ៊ុន​ចិន អភិវឌ្ឍ​បណ្ដាញ​ផ្កាយរណបផ្គត់ផ្គង់​​អ៊ី​ន​ធើ​ណិ​តដូច Starlink

ក្រុមហ៊ុន​ឯកជន GalaxySpace របស់ ប្រទេស​ចិន កំពុង​បង្កើនល្បឿន​ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ «បណ្ដុំ​ផ្កាយរណប» ដើម្បី​បង្កើត​បណ្ដាញ​បញ្ជូន​អ៊ី​ន​ធើ​ណិ​ត 5G ទូទាំង​សកលលោក។

GalaxySpace បានឱ្យដឹងថា បណ្ដាញ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ដែល​ពួកគេ​រចនា​ឡើង អាច​ដាក់​ត្រួត​​លើ​គ្នា​រាប់សិប​គ្រឿង និង​បាញ់​បង្ហោះ​ដំណាលគ្នា​ក្នុង​រ៉ុក្កែត​តែមួយ ដែល​នេះ​អាចជួយ​កាត់បន្ថយ​ការចំណាយ​ទៅ​លើ​ការ​ប្រើប្រាស់​​រ៉ុក្កែត និង​ពេលវេលា​សម្រាប់​សាងសង់​បណ្ដាញ​ផ្កាយរណប។

ក្រុមហ៊ុន GalaxySpace បានកំណត់​គោលដៅ​បាញ់​បង្ហោះ​បណ្ដាញ​ផ្កាយរណប​ទៅក្នុង​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី និង​បង្កើត​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត 5G នៅ​ទូទាំង​ពិភពលោក។ កាលពី​ថ្ងៃទី 05 មីនា 2022 ក្រុមហ៊ុន​នេះ​បាន​បាញ់​បង្ហោះ​ផ្កាយរណប 6 គ្រឿង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Xichang ជាទី​ដែល​បានបញ្ជាក់​អំពី​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត និង​សមត្ថភាព​នៃ​ការផ្ដល់​សេវាកម្ម​របស់ «បណ្ដុំ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត»។

Chang Ming ប្រធាន​គម្រោង​ផ្កាយរណប​របស់ GalaxySpace បានឱ្យដឹងថា ការអភិវឌ្ឍ​ប្រព្រឹត្ត​ទៅ​បាន​រលូន។ ​ផ្កាយរណប​ដែល​អាច​ត្រូវ​បានដាក់​ត្រួត​​លើ​គ្នា​របស់​ក្រុមហ៊ុន​នេះ​នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ដើមឆ្នាំ​ក្រោយ៕

Advertisement