ក្រសួង​ប្រៃសណីយ៍ ប្រកាស​អំពី​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ កម្មវិធី​រកប្រាក់​ចំណូល​តាម Youtube នៅ កម្ពុជា

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី 24 វិច្ឆិកា 2022 បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ កម្មវិធី​រកប្រាក់​ចំណូល (Monetization) តាម Youtube នៅ កម្ពុជា។

បន្ទាប់ពី​ផ្អាក​ការផ្ដល់សេវា​រក​ចំណូល លើ​ថ្នាល​វីដេអូ YouTube នៅ ប្រទេស​កម្ពុជា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ទាក់ទង​និង​សហការ​ជាមួយ​តំណាង YouTube ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ផលិត​មាតិកា YouTube របស់​យើង នេះ​បើតាម ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​កាលពី​ម្សិលមិញ

ក្រសួង​ប្រៃសណីយ៍ បន្តថា ស្វែងរក​ដំណោះស្រាយ «ជា​លទ្ធផល ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2022 នេះ​តទៅ ក្រុមហ៊ុន YouTube បាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ «កម្មវិធី​ភាពជា​ដៃគូ» (YouTube Partner Program) នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​អ្នក​ផលិត​មាតិកា YouTube នៅ កម្ពុជា អាច​រកចំណូលបាន ព្រមទាំង​ឱកាស​ចូលទៅ​ប្រើប្រាស់​មុខ​ងារសំខាន់ៗ និង​ធនធាន​ជាច្រើន​របស់ YouTube ផងដែរ»។

ក.ប.ទ. បញ្ជាក់ថា នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន YouTube និង​ក្រុមហ៊ុន​នានា​ដែលមាន​ថ្នាល​វីដេអូ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​អ្នក​ផលិត​មាតិកា​ដូចដែល​បានធ្វើ​កន្លងមក សំដៅ​ពង្រឹងសមត្ថភាព​ក្នុង​ការផលិត​មាតិកាល្អៗ គោរព​តាម​គោលការណ៍​កម្មសិទ្ធិបញ្ញា ប្រកបដោយ​គំនិត​ច្នៃប្រឌិត ផ្ដល់​អត្ថប្រយោជន៍ និង​ពុទ្ធិ​ដល់​សាធារណជន​ដូចជា​ការអប់រំ កំសាន្ដ បច្ចេកវិទ្យា​ឌីជីថល ធុរកិច្ច និង​នវានុវត្តន៍​ជាដើម។

Advertisement