យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

Toyota Motor និង Mitsubishi Heavy Industries បានប្រកាស​សេចក្ដីលំអិត​អំពី​គម្រោង​អភិវឌ្ឍ​បណ្ដា​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ។

យាន​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង Artemis ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025។ នេះ​នឹង​ជា​លើកដំបូង​ដែល​មនុស្ស​ឡើងទៅ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1972។

យាន​បើកបរ​លើដី​គ្រោង​នឹង​ត្រូវបាន​នាំ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2029។ កាលពី​ថ្ងៃទី 21 កក្កដា 2023 ក្រុមហ៊ុន Toyota Motor និង Mitsubishi Heavy Industries (MHI) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជា​មួយនឹង​ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) នៅ​តូ​ក្យូ។ ថ្ងៃទី 21 កក្កដា ក៏​ជា​ថ្ងៃ​ដែល Apollo 11 ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាលពី 54 ឆ្នាំមុន។

Toyota ចាប់ផ្ដើម​សហការ​ជាមួយ JAXA កាលពី​ឆ្នាំ 2019 ដើម្បី​អភិវឌ្ឍ​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះថា Lunar Cruiser។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​បើកបរ​លើ​ភូមិសាស្ត្រ​ដែលមាន​ឧបសគ្គ​ច្រើន មានដូចជា​វាល​ខ្សាច់ និង​ផ្លូវ​នៅ​តំបន់ភ្នំ​ជាដើម។ នេះ​គឺជា​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ដំបូង​របស់ Toyota ទាក់ទង​នឹង​កម្មវិធី​អវកាស​របស់​ពួកគេ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង។

Lunar Cruiser នឹងធ្វើ​ដំណើរ​សរុប​ជាង 10,000 គីឡូម៉ែត្រ​នៅលើ​ឋាន​ព្រះ​ចន្ទ​ដើម្បី​សិក្សា​ស្រាវជ្រាវ។ Toyota ឱ្យដឹងថា​យាន​នេះ​នឹង​ត្រូវបាន​បំពាក់​មុខងារសំខាន់ៗចំនួន​បួន រួមមាន មុខងារ​ប្រើប្រាស់​ថ្ម​បង្កើត​ថាមពល​ឡើងវិញ (RCF), មុខងារ​សម្រាប់​ការបើកបរ​លើ​ភូមិសាស្ត្រ​លំបាក, មុខងារ​បើកបរ​ស្វ័យប្រវត្ត, និង​មុខងារ​បទពិសោធន៍​អ្នកប្រើប្រាស់ (UX)។

ថ្នាក់ដឹកនាំ​របស់ MHI បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការផលិត​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ទម្ងន់​ប្រហែល 10 តោន ឱ្យបាន​មុន​ការបាញ់​បង្ហោះ​ពី​ពីរ​ទៅ​បី​ឆ្នាំ។

ចំណែក Toyota វិញ ក្រៅពី​កិច្ចសហការ​ជាមួយ MHI ក្រុមហ៊ុន​នេះ​ក៏​កំពុង​ត្រៀម​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ដៃគូ​ដទៃទៀត គ្រា​ដែល​បាន និង​កំពុង​សហការ​ជាមួយ Bridgestone ដើម្បី​អភិវឌ្ឍ​សម្បក​កង់​រថយន្ត​ធ្វើ​ពី​លោហធាតុ​ដែល​អាច​បើកបរ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ៕

Advertisement