សុនក​រ៉ូ​បូត បង្ហាញ​ក្បាច់​រាំ​ត្រាប់​តាម​បទ​ចម្រៀង​​ល្បី​របស់ K-pop (វីដេអូ)

សុនក​រ៉ូ​បូត Spot ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន Boston Dynamics បន្ត​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ពួកវា​រាំ​ជា​ក្រុម​ទៅតាម​បទ​ចម្រៀង​ល្បីឈ្មោះ​របស់ BTS បាន​យ៉ាង​ល្អ។

ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​ឆ្នាំ 2016 រ៉ូ​បូត Spot របស់ Boston Dynamics គឺជា​សុនក​យន្ត​ស្វ័យប្រវត្ត​ទំនើប​ដែលមាន​សមត្ថភាព​ហក់លោត រាំរែក ឡើង​ទួល ដើរ​ឆ្លងកាត់​ឧបសគ្គ ចាប់​កាន់​វត្ថុ និង​អាចធ្វើ​សកម្មភាព​ធម្មតា​ប្រចាំថ្ងៃ​ដូចជា បើកទ្វារ និង​កាន់​ទំនិញ​ជាដើម។ ដោយ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង ការសម្ដែង​បង្ហាញ​របស់ Spot ក៏​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍។

នៅក្នុង​វីដេអូ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចែករំលែក​ដោយ​ក្រុមហ៊ុន Boston Dynamics គេ​ឃើញ​សុនក​រ៉ូ​បូត Spot ចំនួន 7 គ្រឿង សម្ដែង​បង្ហាញ​ក្បាច់​រាំ​អម​ជាមួយនឹង​បទ​ចម្រៀង Permission to Dance ដែលជា​បទ​ល្បី​ខ្លាំង​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង BTS ដែលមាន​សមាជិក 7 នាក់​ដូចគ្នានេះដែរ។ វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ដែលជា​រ៉ូ​បូត​រូបរាង​ជាម​នុស្ស កម្ពស់ 1.8 ម៉ែត្រ របស់ Boston Dynamics។

ក្រុមហ៊ុន Boston Dynamics ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor របស់ កូរ៉េខាងត្បូង ទិញ​ភាគហ៊ុន​ភាគច្រើន​ក្នុងតម្លៃ 1.1 ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង។

វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ផងដែរ

វីដេអូ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​កិច្ចសហការ​រវាង Hyundai Motor និង BTS សម្រាប់​ការប្រគំ​តន្ត្រី «Yet to Come» របស់​ពួកគេ​នៅ Busan នា​ខែតុលា 2022 ជា​ព្រឹត្តិការ​មួយ​ដែល​ធ្វើឡើង​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​របស់ កូរ៉េខាងត្បូង នៅក្នុង​ការប្រកួតប្រជែង​ដណ្ដើម​សិទ្ធិ​ប្រារព្ធ​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ពិភពលោក World Expo នៅ​ឆ្នាំ 2030។

នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​រ៉ូ​បូត Spot «cover» ក្បាច់​រាំ​របស់ BTS។ កាលពី​ខែមិថុនា 2021 ដើម្បី​ជាការ​សាទរ​ដល់​ការទិញ Boston Dynamics របស់ Hyundai ក្រុមហ៊ុន​នេះ​ក៏បាន​ចាប់ដៃ​ជាមួយ​ក្រុម​ចម្រៀង BTS ដើម្បី​ធ្វើ​វីដេអូ​មួយ​ដែល​សម្ដែង​ក្បាច់​រាំ​អម​ជាមួយនឹង​ចម្រៀង IONIQ: I’m On It ផងដែរ៕

Advertisement