កម្មវិធី​ AI (បញ្ញា​សិប្បនិម្មិត) ដែល​មាន​ជំនាញ​ក្នុង​ការ​ «បកប្រែ​សំឡេង​យំ» ​របស់​ទារក​

ក្រុម​អ្នក​អភិវឌ្ឍ និង​ឧបករណ៍​ Zoundream

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Zoundream នៅ​ ប្រទេស​ស្វ៊ីស​ និង​ អេស្ប៉ាញ​ អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ចម្លែក​មួយ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) មាន​ជំនាញ​ក្នុង​ការ​បកប្រែ​ភាសា​របស់​ទារក​ទើប​កើត​។

យោង​តាម​នាយកប្រតិបត្តិ​របស់ Zoundream លោក​ Roberto Iannone នៅ​ពេល​យំ ក្មេង​តូច​​កំពុង​ទាររក​អ្វី​មួយ​។ គំនិត​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ចាប់​ផ្ដើម​ពី​ការ​កំណត់​ដឹង​អំពី​សំឡេង​យំ​របស់​ទារក​ ដើម្បី​បង្ហាញ​នូវ​តម្រូវ​ការ​របស់​ពួក​គេ​។ ឧបករណ៍​ថ្មី​នេះ​ មាន​តួនាទី​ជា​ជំនួយ​ការ​ ជួយ​ឱ្យ​អាណាព្យាបាល​យល់​ច្បាស់​អំពី​កូនៗ​។ ដូច​នេះ ពួកគេ​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​របៀប​ដែល​ទារក​យំ​ និង​តម្រូវ​ការ​របស់​ពួកគេ​។

Zoundream ប្រើប្រាស់​កម្មវិធី​ AI ដើម្បី​វិភាគ​លើ​សំឡេង​យំ​របស់​ក្មេង​នៅ​ពាស​ពេញ​ពិភពលោក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ម៉ោង​។ ក្រោយ​មក​​ ពួក​គេ​បាន​បែង​ចែក​សំឡេង​យំ​ជា​ ៤ ប្រភេទ​៖ ឃ្លាន, ឈឺ, ទល់​ពោះ​ (ដើរខ្យល់) និង​ចង់​ឱប។

ដំបូង​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​ Zoundream បាន​ស្នើ​ឱ្យ​អាណាព្យាបាល​ដាក់​ឧបករណ៍​ថត​សំឡេង​​ក្បែរ​កូន​របស់​ពួក​គេ​។ ក្រោយ​មក ពួក​គេ​ចម្រាញ់​យក​តែ​សំឡេង​យំ​របស់​ក្មេង​។ នៅ​ពេល​មាន​ទិន្នន័យ​ពេញ​លេញ​ ពួក​គេ​ចាប់​ផ្ដើមបង្កើត​កម្មវិធី​កុំព្យូទ័រ​។ ជំហាន​បន្ទាប់ Zoundream សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ ដើម្បី​ដាក់​លក់កម្មវិធី​នេះ​នៅ​ក្នុង​ទីផ្សារ​។

ឧបករណ៍​ Zoundream

«ក្នុង​ ៣​ ឆ្នាំ​កន្លង​ យើង​បាន​ផ្ដល់​ជូន​ឧបករណ៍​ដែល​មាន​ឈ្មោះ​ថា BabyT ដែល​មាន​ជំនាញ​ក្នុង​ការ​ស្វែង​រក​ និង​បក​ប្រែ​សំឡេង​យំ​​ដល់​គ្រប់​គ្នា​ដែល​ត្រូវ​ការ​​ដោយ​មិន​គិត​ថ្លៃ។ ពួក​គេ​អាច​រក្សា​ទុក​ដល់​ពេល​ណា​ក៏​បាន​ ហើយ​យើង​រក្សា​ទិន្នន័យ​សម្រាប់​គោល​ដៅ​ស្រាវជ្រាវ​» លោក Iannone ឱ្យ​ដឹង​ដូច្នេះ​។

Advertisement