ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។

ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។

គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។

Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

Advertisement