បច្ចេកវិទ្យា​ថ្មី​​របស់ ​អាម៉េរិក ​អាច​​ស្កេ​ន​​ខួរ​ក្បាល​​ដឹង​ថា​ «គ្រប់​គ្នា​​កំពុង​​គិត​​អ្វី»​ ឬ ​«បាន​ដឹង​​អ្វី»

(សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​កម្មវិធី​បកស្រាយ​ការគិត​ដែលមាន​សមត្ថភាព​អាច​រៀបរាប់​រឿងរ៉ាវ​ដែល​មនុស្ស​ម្នាក់​ស្រមៃ​នៅក្នុង​ខួរក្បាល។

វិធីសាស្ត្រ​អាន​ការគិត​នានា​មុន​នោះ​តែង​ទាមទារ​ឱ្យមាន​ការបំពាក់​អេឡិចត្រូត​ជ្រៅ​ក្នុង​ខួរក្បាល។ ប៉ុន្តែ Alexander Huth អ្នកវិទ្យាសាស្ត្រ​ផ្នែក​សរសៃប្រសាទ​ប្រចាំ​សាកលវិទ្យាល័យ Texas Austin រួម​នឹង​មិត្ត​រួមការ​ងារ បាន​អភិវឌ្ឍ​កម្មវិធី​អាន​ការគិត​ថ្មី​មួយ​ដែល​យោងទៅលើ​បច្ចេកទេស​ស្កេ​ន​ខួរក្បាល​ពី​ខាងក្រៅ​ម្យ៉ាង​ដែល​ហៅ​កាត់​ថា fMRI នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 24 តុលា។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវ​បានប្រកាស​នៅលើ​មជ្ឈមណ្ឌល​ទិន្នន័យ bioRxiv។

កម្មវិធី​អាន​ការគិត fMRI តាមដាន​លំហូរ​ឈាម និង​អុកស៊ីសែន​ក្នុង​ខួរក្បាល។ ដោយសារតែ​កោសិកា​ខួរក្បាល​ដែល​កំពុងធ្វើការ​ត្រូវការ​ថាមពល និង​អុកស៊ីសែន​ច្រើនជាង​ធម្មតា ដូច្នេះ​ព័ត៌មាន​ពី fMRI ផ្ដល់នូវ​វិធី​វាស់​ស្ទង់​ដោយ​ប្រយោល​អំពី​សកម្មភាព​របស់​ខួរក្បាល។

វិធី​ស្កេ​ន​ខាងលើ​កន្លងមក​មិនអាច​កត់ត្រា​សកម្មភាព​របស់​ខួរក្បាល​ទៅតាម​ពេលវេលា​ជាក់ស្ដែង ភ្លាមៗ ព្រោះថា រលកសញ្ញា​អគ្គិសនី​ដែល​កោសិកា​ខួរក្បាល​បញ្ចេញ ផ្លាស់​ទី​លឿន​ជាង​ឆ្ងាយ ធៀប​នឹង​ល្បឿន​របស់​ចរន្តឈាម​នៅ​ខួរក្បាល។ ក៏ប៉ុន្តែ ក្រុម​អ្នកស្រាវជ្រាវ​នេះ​បាន​រកឃើញថា ពួកគេ​នៅតែ​អាច​ប្រើប្រាស់​វិធី​នេះ​ដើម្បី​បកប្រែ​អត្ថន័យ​ក្នុង​ការគិត​របស់​មនុស្ស​គ្រប់រូប បើ​ទោះ​មិនអាច​បកប្រែ​ពាក្យនីមួយៗបាន​ច្បាស់។

នៅក្នុង​ការស្រាវជ្រាវ​ថ្មី ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្កេ​ន​ខួរក្បាល​របស់​ស្ត្រី​ម្នាក់ និង​បុរស​ពីរ​នាក់​ដែលមាន​វ័យ​ចាប់ពី 20 ដល់ 30 ឆ្នាំ។ ពួកគេ​ស្ដាប់​ហ្វា​ល​សំឡេង និង​កម្មវិធី​វិទ្យុ​ផ្សេងគ្នា​ដែលមាន​រយៈពេល 16 ម៉ោង ចែកជា​ច្រើន​ពេល។ បន្ទាប់មក ក្រុម​ជំនាញ​ផ្ដល់​លទ្ធផល​នៃ​ការ​ស្កេ​ន​ខួរក្បាល​ទៅឱ្យ​កម្មវិធី​កុំព្យូទ័រ​មួយ​ដែលមាន​ឈ្មោះថា «ប្រព័ន្ធ​បកស្រាយ»។ ប្រព័ន្ធ​នេះ​ធ្វើការ​ប្រៀបធៀប​សញ្ញា​សំឡេង​ជាមួយនឹង​សកម្មភាព​របស់​ខួរក្បាល​ដែល​ពួកគេ​បាន​ស្កេ​ន។

ក្រោយមក ប្រព័ន្ធ​បកស្រាយ​នេះ​អាច​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ fMRI ដើម្បី​បង្កើតជា​សាច់រឿង​ដោយយោង​ទៅតាម​ខ្លឹមសារ​ដែល​បាន​ស្កេ​ន​នោះ។ សាច់រឿង​ដែល​បាន​បង្កើតឡើង​នេះ​ស្រដៀង​ខ្លាំង​ទៅនឹង​រឿងរ៉ាវ​ដើម​ក្នុង​ហ្វា​ល​សំឡេង ឬ​កម្មវិធី​វិទ្យុ។ ដូច្នេះ ប្រព័ន្ធ​បកស្រាយ​ខាងលើ​អាចសន្និដ្ឋាន​ដឹង​អំពី​សាច់រឿង​ដែល​គ្រប់គ្នា​បាន​ស្ដាប់ ដោយ​យោងទៅលើ​សកម្មភាព​ខួរក្បាល​របស់​ពួកគេ។

ក៏ប៉ុន្តែ ប្រព័ន្ធ​បកស្រាយ​នេះ​ក៏មាន​កំហុស​មួយចំនួន ដូចជា​ការប្ដូរ​ផ្លាស់​ស​ព្វ​នាម​របស់​តួអង្គ និង​ការប្រើប្រាស់​បុ​រិ​សៈ​ទីមួយ និង​បុ​រិ​សៈ​ទី​បី។ «វា​ដឹងបាន​យ៉ាងច្បាស់​នូវ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ​មិនដឹង​ច្បាស់​ថា អ្នកណា​កំពុង​ធ្វើ» អ្នកវិទ្យាសាស្ត្រ Huth ថ្លែង​ដូច្នេះ។

នៅក្នុង​ការពិសោធ​បន្ថែម ប្រព័ន្ធ​បកស្រាយ​នេះ​បាន​បកស្រាយ​បាន​យ៉ាង​ស៊ីចង្វាក់​នូវ​សាច់រឿងរ​បស់​ខ្សែភាពយន្ត​គ្មាន​សំឡេង​ដែល​អ្នក​ចូលរួមបាន​មើល។ ប្រព័ន្ធ​បកស្រាយ​នេះ​ថែមទាំង​អាច​រៀបរាប់​ឡើងវិញ​នូវ​រឿងរ៉ាវ​ដែល​អ្នកចូលរួម​ការពិសោធ​ស្រមៃ​នៅក្នុង​ខួរក្បាល​ទៀតផង។

ក្នុង​ចក្ខុវិស័យ​យូរអង្វែង ក្រុម​ស្រាវជ្រាវ​ខាងលើ​មាន​ផែនការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ប្រើប្រាស់​សម្រាប់​អ្នក​មិនអាច​និយាយ ក៏ដូចជា​អ្នក​មិនអាច​ប្រើប្រាស់​កុំព្យូទ័រ៕

Advertisement