ជាមួយនឹងប្រវែងសរុបនៃប្រព័ន្ធផ្លូវដែកក្នុងប្រទេសស្វ៊ីស ផ្ទាំងសូឡាដែលមានទំហំសរុបអាចគ្របដណ្ដប់លើទីលានបាល់ទាត់ប្រហែល 760 កន្លែង អាចផលិតអគ្គិសនីពីព្រះអាទិត្យបានមួយតេរ៉ាវ៉ាត់ម៉ោង (TWh) ជារៀងរាល់ឆ្នាំ។
ក្រុមហ៊ុន Sun-Ways នៅប្រទេសស្វ៊ីស កំពុងអភិវឌ្ឍផ្ទាំងសូឡាបំពាក់តាមបណ្ដោយផ្លូវដែក នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 18 មីនា។ គំនិតនេះអាចប្រើប្រាស់បានសម្រាប់ផ្លូវដែកប្រមាណពាក់កណ្ដាលនៅទូទាំងសកលលោក។
សហស្ថាបនិករបស់ក្រុមហ៊ុន Sun-Ways បានឱ្យដឹងថា ទំហំក្នុងចន្លោះផ្លូវដែកគឺគ្រប់គ្រាន់សម្រាប់ដាក់ផ្ទាំងសូឡាខ្នាតស្ដង់ដាដោយមិនប៉ះពាល់ដល់រថភ្លើងដែលបើកបរពីលើ។ ការដំឡើងផ្ទាំងសូឡាក្នុងទ្រង់ទ្រាយធំពិតជាមានការលំបាក ដោយសារតែបញ្ហាកង្វះដីធ្លី ប៉ុន្តែការដំឡើងផ្ទាំងសូឡាតាមបណ្ដោយផ្លូវដែកគឺអាចទៅរួច។
Sun-Ways កំពុងអភិវឌ្ឍផ្ទាំងសូឡាសម្រាប់ដោះស្រាយបញ្ហាខាងលើនៅឯរោងចក្រក្នុងប្រទេសស្វ៊ីស។ ផ្ទាំងសូឡាទទឹងមួយម៉ែត្រដែលត្រូវបានដាក់នៅចន្លោះកំណាត់ដែកសំខាន់ទាំងពីរបស់ផ្លូវរថភ្លើង និងចងជាប់ទៅនឹងផ្លូវដែក ប្រៀបបានទៅនឹងកម្រាលព្រំ។
ប្រព័ន្ធផ្លូវដែករបស់ស្វ៊ីសមានប្រវែងសរុប 5,317 គីឡូម៉ែត្រ ហើយទាំងអស់នេះអាចដំឡើងផ្ទាំងសូឡាសរុបប្រហែលស្មើនឹងទីលានបាល់ទាត់ចំនួន 760 កន្លែង។ ផ្ទាំងសូឡានៅក្នុងប្រព័ន្ធផ្លូវដែកប្រទេសនេះអាចផលិតអគ្គិសនីពីព្រះអាទិត្យបានមួយតេរ៉ាវ៉ាត់ម៉ោង (TWh) ជារៀងរាល់ឆ្នាំ ប្រហាក់ប្រហែលនឹង 2% នៃតម្រូវការអគ្គិសនីសរុបនៅទូទាំងប្រទេស។
ក្រៅពីប្រទេសស្វ៊ីស ក្រុមហ៊ុន Sun-Ways ក៏មានគម្រោងដំឡើងផ្ទាំងសូឡាបែបនេះនៅអាល្លឺម៉ង់ អ៊ីតាលី អាម៉េរិក និងអាស៊ីផងដែរ នាពេលខាងមុខ។ គម្រោងសាកល្បងនៅប្រទេសស្វ៊ីសនឹងផ្ដោតទៅលើប្រព័ន្ធផ្លូវដែកសាធារណៈនៅភាគខាងជើងប្រទេស ក្បែរស្ថានីយរថភ្លើង Buttes។

