ខួរក្បាលបណ្ដុះ​ និង​​ចិញ្ចឹម​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ ចេះ​លេង​ល្បែង​អេឡិច​ត្រូនិច​

កោសិកា​ខួរក្បាល​មនុស្ស និង​កណ្ដុរ​ចំនួន ៨០០,០០០ ដែល​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​បណ្ដុះ​ និង​ចិញ្ចឹម​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ នៅ អូស្ត្រាលី បាន​បង្ហាញ​សមត្ថភាព​នៅ​ពេល​លេង​ហ្គេម​ Pong។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ Melbourne អភិវឌ្ឍ​កោសិកា​មនុស្ស​ និង​កណ្ដុរ​ចំនួន ៨ សែន​ នៅ​ក្នុង​ចាន​ពិសោធន៍​ និង​ឱ្យ​ពួក​វា​លេង​ហ្គេម​អេឡិចត្រូនិច​ Pong។ លទ្ធផល​នៃការ​ពិសោធន៍​ថ្មី​ដែល​​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Neuron កាល​ពី​ថ្ងៃទី ១២ តុលា​ បានបង្ហាញ​ថា កោសិកា​ខួរ​ក្បាល​ដែល​បណ្ដុះ​ និង​ចិញ្ចឹម​ក្នុង​បន្ទប់​ពិសោធន៍​ក៏​បង្ហាញ​អំពី​ភាព​ឆ្លាត​វៃ​ និង​កែតម្រូវ​សកម្មភាព​ទៅ​តាម​ពេល​វេលា​។

ដំបូង​ អ្នក​វិទ្យា​សាស្ត្រ​ភ្ជាប់​កោសិកា​ទាំង​នេះ​ជាមួយ​នឹង​កុំព្យូទ័រ​ដើម្បីឱ្យ​ពួក​វា​ដឹង​ថា​ តើ​បន្ទះ​ទប់​ក្នុង​ហ្គេម​ Pong បាន​ទប់​ចំ​បាល់​ដែរ​ ឬ​ទេ​។ ពួក​គេ​តាមដាន​សកម្មភាព​ និង​ប្រតិកម្ម​របស់​កោសិកា​ខួរក្បាល​ដែល​បាន​ឆ្លើយ​តប​ តាម​រយៈ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្កេន​រលក​អគ្គិសនីដែល​បង្ហាញ​ជា​ទម្រង់​​ «បន្លា» នៅ​លើ​ប្រព័ន្ធ​មួយ​​។

បន្លា​ទាំង​នោះ​ប្រែទៅជា​ខ្លាំង​ក្លា​ជាង​មុន​ នៅ​ពេល​កោសិកា​បញ្ជា​បន្ទះ​ទប់​ និង​ទប់​ចំ​គ្រាប់​បាល់​។ នៅ​ពេល​ទប់​មិន​ចំ​គ្រាប់​បាល់​ ការ​លេង​របស់​កោសិកា​នឹង​ត្រូវ​បាន​​កម្មវិធី​កុំព្យូទ័រ​មួយ​របស់​បន្ទប់​ពិសោធន៍​ Cortical នៅ​ Melbourne ធ្វើ​ការ​រិះគន់​។ ការ​ស្រាវ​ជ្រាវ​នេះ​បង្ហាញ​ថា កោសិកា​​ខួរ​ក្បាល​អាច​កែតម្រូវ​សកម្មភាព​ ដើម្បី​សម​ស្រប​នឹង​បរិស្ថាន​ដែល​បាន​ប្ដូរ​ផ្លាស់​ ទៅ​តាម​វិធី​ដែល​មាន​ការ​គ្រោង​ទុក និង​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង​។

ហ្គេម​ខាងលើ​ មិន​មែន​ជា​ល្បែង​តែ​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នេះ​យក​មក​ធ្វើ​ការ​ពិសោធន៍​​ចំពោះ​​​ខួរក្បាល​ដែល​ពួក​គេ​បាន​បណ្ដុះ​ និង​ចិញ្ចឹម​នេះ​ទេ។ ហ្គេម​ Bolan ដែល​បង្ហាញ​ខ្លួន​នៅ​ពេល Google Chrome មាន​​បញ្ហា​ ក៏​ត្រូវ​បាន​យក​មក​ពិសោធន៍សម្រាប់​កោសិកា​ខួរ​ក្បាល​ទាំង​នេះ​​។

Brett Kagan ​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​នៅ​បន្ទប់​ពិសោធន៍​ Cortical នៅ Melbourne និង​ជា​សមាជិក​​ក្រុម​ស្រាវជ្រាវ​ខាងលើ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​នៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ​ដើម្បី​បង្កើត​បរិស្ថាន​ថ្មី​សម្រាប់​គោល​ដៅ​ជាក់​លាក់​។

ក្រុម​អ្នកវិទ្យា​សាស្ត្រ​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ការ​បង្កើត​រូប​មន្ត​ជំងឺ​ ស្វែង​រក​ថ្នាំ​​ព្យាបាល​ ជួយ​បង្កើន​ការ​យល់​ដឹង​អំពី​វិធី​ដំណើរ​ការ​ និង​វិធី​ដែល​បញ្ញា​បង្ហាញ​វត្តមាន​៕

Advertisement