ចំនួន​អ្នក​ប្រើ​កម្មវិធី Telegram បាន​កើន​ឡើងដល់ 200លាន​នាក់

Telegram ដែលជា​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ដ៏​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា នៅពេលនេះ បានប្រកាស​ឱ្យដឹងថា ចំនួន​អ្នក​ប្រើ-ប្រាស់​របស់ខ្លួន​បាន​កើនឡើង​ដល់ 200លាន​នាក់ ហើយនឹង​កើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ2018 នេះ។

លោក Pavel Durov សហ​ស្ថាបនិក​កម្មវិធី Telegram បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា លោក​ពិតជា​សប្បាយរីករាយ​បំផុត​ដែល​កម្មវិធី​មួយ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់ ហើយ​លោក​ជឿថា វា​នឹង​បន្ត​កើនឡើង​ទៅមុខទៀត​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឆ្នាំ2018 នេះ។

ជាមួយគ្នានេះ​ផងដែរ លោក Pavel Durov ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រទេស​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី Telegram នេះ​ច្រើនជាងគេ គឺ​នៅ​តំបន់​អាស៊ី ហើយ​សម្រាប់​ប្រព័ន្ធ​ដំណើរការ​ដែល​ប្រើ​ច្រើនជាងគេ​គឺ iOS។

តែ​ក្រុមអ្នកតាមដាន​ពី​ភាព​ពេញនិយម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងឡាយ​បាន​និយាយថា បើទោះបីជា​ចំនួន​អ្នក​ប្រើ Telegram បាន​កើនឡើង​រហូតដល់ 200លាន​នាក់​ក្ដី ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង WhatsApp ឃើញថា នៅ​តិច​ខ្លាំង​បំផុត ព្រោះ​គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ2018 WhatsApp មាន​ចំនួន​អ្នក​ប្រើ​រហូតដល់ 1.3ពាន់​លាន​នាក់​ឯណោះ រីឯ LINE វិញ​មាន​ចំនួន​អ្នក​ប្រើ​រហូតដល់​ទៅ 700លាន​នាក់។

គួរបញ្ជាក់​ផងដែរ​ថា Telegram ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ2013 ដោយ​បងប្អូន​ប្រុស​ជនជាតិ​រុស្ស៊ី Nikolai និង Pavel Durov ក្នុង​គោលដៅ មិន​រកប្រាក់​ចំណូល៕

Advertisement