តាក់​ស៊ី​ហោះអគ្គិសនីស្វ័យប្រវត្តិ​ ល្បឿន ១៣០ គូឡូម៉ែត្រ​/​ម៉ោង សាកល្បង​នៅ​ ឌូបៃ

ក្រុមហ៊ុន XPeng Inc ធ្វើ​ការ​សាកល្បង​ម៉ូដែល​តាក់​ស៊ី​ហោះ​អគ្គិសនី​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​នៅ​ ឌូបៃ កាល​ពី​ថ្ងៃទី ១០ តុលា នៅ​ ទីក្រុង​ឌូបៃ នៃ ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដោយ​រំពឹង​ថា​នឹង​ក្លាយ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​រវាង​ទី​ក្រុង​នា​ពេល​អនាគត។

តាក់ស៊ី​ហោះអគ្គិសនី XPeng X2 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន XPeng Inc គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​រាប់​សិប​គម្រោង​ស្ដី​ពី​តាក់ស៊ី​ហោះនៅ​ពាស​ពេញ​ពិភពលោក​។ ក្នុង​ចំណោម​បណ្ដា​គម្រោង​ខាងលើ មាន​តែ​ប៉ុន្មាន​គម្រោង​ប៉ុណ្ណោះ​ដែល​បាន​ជោគ​ជ័យ​ និង​នៅ​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​ទៀត ​មុន​ពេល​អាច​ដាក់​ឱ្យ​ដំណើរ​​ការ​​ពាណិជ្ជកម្ម​ជា​ផ្លូវការ​។

ក្រុម​ហ៊ុន XPeng Inc កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​សាកល្បង​ចំពោះ​តាក់ស៊ី​ហោះអគ្គិសនី XPeng X2 ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្ត​។ មុន​នោះ XPeng Inc ធ្លាប់​បាន​សាកល្បង​ហោះ​ហើរ​ដោយ​មាន​មនុស្ស​បើក​បរ​កាល​ពី​ខែ​កក្កដា ២០២១​។

តាក់​ស៊ី​ហោះ XPeng X2 អាច​ដឹក​អ្នក​ដំណើរ​បាន​ ២ នាក់ និង​ដំណើរ​ការ​បាន​ដោយ​ប្រើ​ម៉ូទ័រ​រុញ​ច្រាន​ចំនួន ៨ គ្រឿង​។ XPeng X2 អាច​ហោះ​បាន​ក្នុង​ល្បឿន​អតិបរមា ១៣០​ គីឡូម៉ែត្រ​/ម៉ោង​។

មិន​ដូច​ទៅ​នឹង​យន្តហោះ​ ឬ​ឧទ្ធម្ភាគចក្រ​ធម្មតា តាក់ស៊ី​ហោះ​អគ្គិសនី​ Xpeng X2 អាច​ហោះ​ឡើង​ និង​ចុះចត​​ត្រង់​ដោយ​ស្វ័យ​ប្រវត្ត​ និង​អាច​ដឹក​អ្នក​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ឆាប់​រហ័ស​។

នាពេល​អនាគត តាក់​ស៊ី​ហោះ​អគ្គិសនី​ស្វ័យប្រវត្ត​ដូច​ XPeng X2 នឹង​អាច​ដឹក​ភ្ញៀវ​នៅ​ក្នុង​ទីក្រុង​ ដោយ​ការ​ហោះ​ហើរ​ពី​ខាង​លើ​បណ្ដា​ផ្លូវ​ដែលមាន​​ចរាចរណ៍​មមាញឹក​ខ្លាំង​។ ប៉ុន្តែ មធ្យោបាយ​ធ្វើ​ដំណើរ​ទំនើប​នេះ​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ រួម​មាន អាយុ​កាល​របស់​ថ្ម​ផ្ទុក​អគ្គិសនី​ បញ្ហា​សុវត្ថិភាព​​ ការ​គ្រប់​គ្រង​អាកាសចរណ៍​ និង​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ដើម​៕

Advertisement