គ្រាន់តែ​បង្ហាញ​កាត​សិស្ស​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ភ្លាម​ពី Apple ស្រុក​ខ្មែរ

បន្ទាប់ពី​ប្រកាស​ខ្លួន​ជា​អ្នកតំណាង​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន Apple សម្រាប់​ទីផ្សារ​កម្ពុជា​រួចមក  ក្រុមហ៊ុន Falcon Tech បានប្រកាស​ចេញ​នូវ​កម្មវិធី​ពិសេស​បំផុត​សម្រាប់ប្អូនៗសិស្ស-និស្សិត​កម្ពុជា​នាឱកាស​បវេសនកាល​ថ្មី​ឆ្នាំ 2017-2018  ជាមួយនឹង​ការបញ្ចុះ​តម្លៃ​លើ​ផលិតផល​ទូរស័ព្ទ iPhone ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន​សិស្ស-និស្សិត​តែប៉ុណ្ណោះ។

លោក អ៊ូ ភា​និ​ត ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Falcon Tech បានឱ្យដឹង​ក្នុង​ថ្ងៃ​ប្រកាស​ខ្លួន​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ចែកចាយ​ផលិតផល Apple Inc  សម្រាប់​ទីផ្សារ​កម្ពុជា​កាលពីពេល​កន្លងទៅ​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​តំណាង Apple ដែល​ទើប​ទទួលបាន​សិទ្ធិ ខ្លួន​ចង់​ផ្ដល់អ្វីៗជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​កម្ពុជា ជាពិសេស​សិស្ស-និស្សិត​សម្រាប់​ពេល​បវេសនកាល​ថ្មី​នេះ​តែម្ដង។ លោក​បន្ដថា Falcon បានធ្វើការ​ពិភាក្សាគ្នា​ជា​យូរ មុននឹង​សម្រេច​ចេញ​កម្មវិធី Back-To-School នេះ។

លោក​ថ្លែងថា៖«ជា​រឿង​ងាយស្រួល​ទេ ពេល​មក​ជាវ​ទូរស័ព្ទ ពួកគាត់​គ្រាន់តែ​បង្ហាញ​កាត​សិស្ស នោះ​ម្ចាស់​ហាង​លក់​នឹង​ធ្វើការ​បញ្ចុះតម្លៃ​ឱ្យ​គាត់​ហើយ»

លោក​បញ្ជាក់​បន្ថែមថា ការផ្ដល់ជូន​នេះ ក្រុមហ៊ុន​ធ្វើឡើង​សម្រាប់​ការ​ជាវ​ទូរស័ព្ទ iPhone 6 ទំហំ 32GB ស៊េរី​ឆ្នាំ 2017 ដោយ​សិស្ស-និស្សិត​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ 28 ដុល្លារ​ពីក្រោម​តម្លៃ​ដើម 398 ដុល្លារ ជាមួយនឹង​ការធានា​រយៈពេល​មួយឆ្នាំ​ពី Apple និង​ធានា​ដូរ​ថ្មី​វិញ​ក្នុង​រយៈពេល 30ថ្ងៃ ក្នុងករណី​មាន​បញ្ហា​បច្ចេកទេស។ កម្មវិធី​នេះ​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017 គ្រប់​ហាង​ទូទាំងប្រទេស។ ក្រៅពី​កម្មវិធី​នេះ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Falcon Tech ខាងលើ​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ឆ្លាស់​តាម​ផលិតផល​ដែលមាន​លក់​សម្រាប់​អ្នកប្រើប្រាស់​កម្ពុជា៕

Advertisement