ថ្ម​ផ្ទុក​ថាមពល​នឹង​ក្លាយជា​គ្រោងឆ្អឹង​សំខាន់​មួយ​របស់​​រថយន្ត​អគ្គិសនី?

ថ្ម​ផ្ទុក​ថាមពល​របស់​រថ​យន្ត​អគ្គិសនី មិនមែនជា​ឧបករណ៍​មួយ​ផ្ទាំង​ធំ​ស្ថិតនៅក្នុង និង​ជាប់​ជាមួយនឹង​តួ​រថយន្ត​ឡើយ ពោលគឺ​វា​នៅ​ដាច់ដោយឡែក នាំឱ្យ​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ជួប​បញ្ហា​នៅពេល​ចង់​ធ្វើឱ្យ​រថយន្ត​រត់​បាន​ឆ្ងាយ​ជាង​មុន និង​នៅតែ​ស្រាល។

រថយន្ត Tesla Model S ប្រើប្រាស់​ថ្ម​ប្រភេទ​គ្រាប់​តូច​ដូច​ទៅនឹង​ថ្មពិល ហើយ​មាន​ចំនួន​តិច​ច្រើន​អាស្រ័យ​លើ​ប្រភេទ​រថយន្ត។ រថយន្ត​ដែល​ធ្ងន់​នឹងត្រូវ​បំពាក់​ថ្ម​កាន់តែច្រើន។

រថយន្ត​អគ្គិសនី​មួយគ្រឿង​ដែល​បរបាន​ឆ្ងាយ​គឺ​ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន ដូច្នេះ​ទម្ងន់​ថ្ម​ទាំងនោះ​នឹង​ធ្វើឱ្យ​រថយន្ត​កាន់តែ​ធ្ងន់ និង​ត្រូវការ​គ្រោងឆ្អឹង ប្រព័ន្ធ​គ្រឿង​ក្រោម និង​កង់​រឹងមាំ ហើយ​ប្រការនេះ​ក៏​កាន់តែ​ធ្វើឱ្យ​ទម្ងន់​របស់​រថយន្ត​កើនឡើង ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​រត់​បាន​ឆ្ងាយ​ជាង​មុន។ បញ្ហា​នេះ ពិតជា​ពិបាក​ដោះស្រាយ ដោយសារ​ជាវ​ដ្ដ​មួយ​ដែល​បង្កបញ្ហា​មិនចេះ​ឈប់​ទៅលើ​ទម្ងន់​របស់​រថយន្ត​អគ្គិសនី។

ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ បច្ចុប្បន្ន ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ក្នុងនោះ​មាន Tesla របស់ សហរដ្ឋ​អាម៉េរិក និង BYD របស់ ប្រទេស​ចិន ជាដើម កំពុងតែ​អភិវឌ្ឍ​រូបរាង​របស់​ថ្ម​ផ្ទុក​ថាមពល​នេះ​ឡើងវិញ ដើម្បីឱ្យ​វា​ក្លាយទៅជា​ផ្នែក​មួយ​នៃ​គ្រោងឆ្អឹង​របស់​រថយន្ត ដោយ​វា​ត្រូវ​ដើរតួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ផង និង​ជា​គ្រោងឆ្អឹង​ដ៏​រឹងមាំ​របស់​រថយន្ត​ផង។

បើសិនជា​ធ្វើបាន​ដូចខាងលើ រថយន្ត​អគ្គិសនី​ជំនាន់ក្រោយៗប្រាកដ​ជាមាន​ទម្ងន់​កាន់តែ​ស្រាល កាត់​តែ​រឹងមាំ ហើយ​ថ្ម​កាន់តែ​អាច​ផ្ទុក​ថាមពល​អគ្គិសនី​បាន​ច្រើនជាង​មុន អនុញ្ញាតឱ្យ​បើកបរ​បាន​រហូតដល់​រាប់ពាន់​គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ៕

Advertisement