បារាំង​បញ្ចេញ​ស្រឡាង​បៃតង​ទំនើប បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ការ​បំ​ភាយ​ឧស្ម័ន​ពុល

ក្រុមហ៊ុន​សាងសង់​កប៉ាល់ La Meridionale បាន​បញ្ចេញ​ស្រឡាង​ថ្មី​ដែល​សមស្រប​នឹង​បរិស្ថាន ដោយ​អាច​បំបាត់​ភាគល្អិត​ប្រមាណ​ជា ៩៩.៩% ក្នុងចំណោម​ភាគល្អិត​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ម៉ាស៊ីន​ចំហេះ​ក្នុង។

កាលពី​ថ្ងៃទី ០៥ កញ្ញា ស្រឡាង​មួយគ្រឿង​ដែល​មិន​បំពុលបរិស្ថាន ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុងការ​ដឹកជញ្ជូន​ផ្លូវទឹក​រវាង​តំបន់ Marseille និង Bastia របស់ ប្រទេស​បារាំង។

យោងតាម​ក្រុមហ៊ុន La Meridionale ស្រឡាង​ខ្នាត​យក្ស​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រាញ់ baghouse ដ៏​ទំនើប ដែល​ភ្ជាប់​ជាមួយនឹង​បំពង់ផ្សែង ដើម្បី​ចម្រាញ់​ចោល​ឧស្ម័ន​ពុល។

«តាមពិត យើង​មិនបាន​ស្វែងរក​ឯណា​ឆ្ងាយ មិនបាន​ស្រាវជ្រាវ​រកឃើញ​អ្វី​ទាំងអស់។ នោះ​គឺជា​ប្រព័ន្ធ​មួយ ជា​ដំណើរ​ការដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​រោងចក្រ​ដុត​សំរាម​ឧស្សាហកម្ម សំរាម​ប្រើប្រាស់​ប្រចាំថ្ងៃ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលជីវម៉ាស» ប្រធាន​ផ្នែក​បច្ចេកទេស Christophe Ceguinot របស់ La Meridionale ឱ្យដឹង​ដូច្នេះ។

Christophe Ceguinot បន្តថា «ប្រព័ន្ធ​ចម្រាញ់ baghouse មាន​វត្តមាន​ជិត ៣០ ឆ្នាំ​មកហើយ។ ដូច្នេះ ឧបសគ្គ​របស់​យើង​គឺ​ការធ្វើឱ្យ​វា​សមស្រប​នឹង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក»។

ការបំពាក់​ប្រព័ន្ធ​ចម្រាញ់ baghouse ទំនើប​ទៅក្នុង​ប្រព័ន្ធ​បំពង់ផ្សែង អនុញ្ញាតឱ្យ​យាន​នេះ​បំបាត់​ភាគល្អិត​នៃ​ផ្សែងខ្មៅ​បាន​រហូតដល់ ៩៩.៩% ព្រមទាំង​កាត់បន្ថយ​ការ​បំ​ភាយ​សារធាតុ​ស្ពាន់ធ័រ​អ៊ុក​ស៊ីត ផងដែរ។

ជាក់ស្ដែង ស្ពាន់ធ័រ និង​គ្រាប់​ល្អិត​ដែល​បញ្ចេញ​ពី​ម៉ាស៊ីន នឹង​ត្រូវបាន​បន្សាប​ដោយ sodium bicarbonate ហើយ​ក្រោយ​មកវា​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រាញ់។ ចុងក្រោយ សារធាតុ​រឹង​នឹងត្រូវ​បាន​នាំទៅ​កាន់​អាង​កែច្នៃ​ឡើងវិញ។ ដូច្នេះ លែងមាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សារធាតុ​ស្ពាន់ធ័រ​ណា​ដែល​អាច​បំ​ភាយ​ទៅក្នុង​បរិយាកាស​ទៀតឡើយ៕

Advertisement