ក្រុមហ៊ុន​អាម៉េរិក អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ការទាក់ទង​ជាមួយ​សត្វ​គ្រប់​ប្រភេទ

ក្រុមហ៊ុន​មួយ​នៅ California មានបំណង​ប្រើ​ប្រាប់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ធ្វើការ​ទាក់ទង​ជាមួយ​ពពួកសត្វ​នៅលើ​ពិភព​ផែនដី។

Aza Raskin គឺជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​នៃ​គម្រោង​ពពួកសត្វ​លើ​ផែនដី (ESP) ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ មានបំណង​រក​វិធី​បកស្រាយ​នូវ​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​ជាមួយ​ពពួកសត្វ តាមរយៈ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​មួយ​ប្រភេទ​ដែល​ហៅថា ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ជួយ​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​សត្វ​ទាំងឡាយ​ដែល​នៅមាន​វត្តមាន​នៅលើ​ផែនដី និង​ការពារ​ពួកវា។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

Elodie Briefer អ្នកជំនាញ​ស្ដីពី​សកម្មភាព​របស់​ស​ត្វ ធ្លាប់បាន​ចូលរួម​អភិវឌ្ឍ​កម្មវិធី​ដោះស្រាយ​សម្រាប់​ការវិភាគ​សំឡេង​ស្រែក​របស់​សត្វ​ជ្រូក ក្នុង​បំណង​កំណត់ឱ្យ​ដឹងថា ពួកវា​កំពុង​ឆ្លងកាត់​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន។ រីឯ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា DeepSqueak ធ្វើការ​វាយតម្លៃ​ទៅលើ​សត្វ​កណ្ដុរ ដើម្បី​ឱ្យដឹងថា ពួកវា​មាន​ភាព​តានតឹង ឬ​អត់ ដោយយោង​ទៅលើ​សំឡេង​ស្រែក​របស់​ពួកវា។ ចំណែក​គម្រោង CETI មាន​ផែនការ​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​សិក្សា ដើម្បី​រក​វិធី​ទាក់ទង​ជាមួយ​ត្រី​បា​ឡែ​ន Sperm whale។

ក៏ប៉ុន្តែ វិធីសាស្ត្រ​របស់ ESP ខុសពី​វិធី​ទាំងឡាយ​ខាងលើ ព្រោះថា ស្ថាប័ន​នេះ​មិនមែន​ផ្ដោតទៅលើ​សត្វ​មួយ​ប្រភេទ​នោះទេ តែ​គ្រប់​ប្រភេទ​ទាំងអស់ តាំងពី​ជន្លេន រហូតដល់​ត្រី​បា​ឡែ​ន៕

Advertisement