ប្រធាន​ផ្នែក​ប្រតិបត្តិ​ថ្មី (COO) របស់ Facebook គឺជា​អ្នកណា?

លោក Javier Olivan

ក្រោយពី​អ្នកស្រី Sheryl Sandberg ដែលជា​ដៃស្ដាំ​របស់ CEO Facebook លោក Mark Zuckerberg បាន​សុំ​លាឈប់​ពី​តំណែង លោក Javier Olivan នឹង​ឡើងមក​ជំនួស។

Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ប្រកាសថា Javier Olivan នឹង​ចូលមក​ជំនួស​អ្នកស្រី Sheryl Sandberg ដោយ​កាន់កាប់​តំណែង​ប្រធាន​ផ្នែក​ប្រតិបត្តិការ (COO) របស់ Facebook។ លោក Olivan ដើរតួនាទី​សំខាន់ ប៉ុន្តែ​មិនសូវ «មាត់ក» ដោយបាន​ជួយ​ឱ្យ​បណ្ដាញ​សង្គម​នេះ​រីកចម្រើន​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង។

កាលពី​ថ្ងៃទី ២ កក្កដា អ្នកស្រី Sandberg បាន​បង្ហើប​ឱ្យដឹងថា នឹង​លាលែង​ពី​តំណែង COO របស់ Facebook នៅ​ចុង​ឆ្នាំនេះ ដើម្បី «បង្កើត​ទំព័រ​ថ្មី» ក្នុង​ជីវិត និង​ផ្ដោតទៅលើ​សកម្មភាព​មនុស្ស​ធម៌។ អ្នកស្រី​បានសម្រេច​ចិត្ត​បែបនេះ​នៅក្នុង​គ្រា​ដែល Meta កំពុងធ្វើដំណើរ​យ៉ាង​ត្រដាបត្រដួស​ដោយសារ​កំ​ណើ​ន​យឺន និង​ការចំណាយ​ខ្ពស់។ ក្រុមហ៊ុន​នេះ​កំពុងតែ​ពង្រីក​ខ្លួន​ពី​បណ្ដាញ​សង្គម ទៅ​ផ្ដោតលើ​ពិភព​និម្មិត (Virtual world)។

លោក Olivan កើត និង​ធំ​ឡើង​នៅ អេ​ស្ប៉ា​ញ មាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម និង​បច្ចេកទេស​អគ្គិសនី ដែល​បានមកពី​សាកលវិទ្យាល័យ Navarra, សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម របស់ សាកលវិទ្យាល័យ Stanford។

មុនពេល​ចូលធ្វើ​ជា ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ (Director of International Growth) ឱ្យ​ក្រុមហ៊ុន Facebook កាលពី​ឆ្នាំ ២០០៧ លោក Olivan ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត NTT (ជប៉ុន) និង Siemens។ ពេលនោះ Facebook ទើប​តែមាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ ប្រហែល ៤០ លាន​នាក់​ប៉ុណ្ណោះ។ មកដល់ពេលនេះ «ម៉ាស៊ីន​រកប្រាក់» នេះ ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ជិត ៣.៦ ពាន់​លាន​នាក់​នៅលើ Facebook, Instagram, WhatsApp ។ល។

លោក Javier Olivan

ក្នុងនាម​ជា ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ Olivan បាន​ជំរុញ​ផែនការ​ពង្រីក​ឥទ្ធិពល​របស់ Facebook នៅក្នុង​បណ្ដា​ប្រទេស​ដូចជា ឥណ្ឌា, ជប៉ុន, រុស្ស៊ី, ឥណ្ឌូណេស៊ី និង ប្រេ​ស៊ី​ល​ជាដើម។

ជាមួយនឹង​តំណែង ប្រធាន​ផ្នែក​កំណើន​អន្តរជាតិ ភារកិច្ច​សំខាន់​របស់លោក Olivan គឺ​គ្រប់គ្រង​ឧបករណ៍ និង​មុខងារ​ទាំងឡាយ​នៅលើ Facebook, Instagram, WhatsApp, Messenger។ ចំណែក​តំណែង​ថ្មី (COO) លោក Olivan នឹង​បន្ត​ដឹកនាំ​សកម្មភាព​អភិវឌ្ឍ​អាជីវកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ បើតាម CEO Zuckerberg ការងារ​ដែល​លោក Olivan ត្រូវ​រ៉ាប់រង​បន្ថែមទៀត នោះ​គឺ ផលិតផល​ផ្សព្វផ្សាយ និង​ពាណិជ្ជកម្ម៕

Advertisement