ម៉ូតូ​អគ្គិសនី Kymco Like 125 EV ធ្វើដំណើរ​បាន​ជិត 200 គីឡូម៉ែត្រ​ក្រោយ​បញ្ចូល​ថាមពល​ពេញ

ម៉ូតូ​អគ្គិសនី Kymco Like 125 EV របស់​ក្រុមហ៊ុន​តៃវ៉ាន់ ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ទំនើប អាច​ជិះ​បាន 199 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ។

Kymco Like 125 EV ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​នៅ ទ្វីបអឺរ៉ុប ហើយថ្មីៗនេះ​មាន​ព័ត៌មាន​ថា វា​អាច​ត្រូវបាន​នាំចូល​ទីផ្សារ​នៅ ទ្វីបអាស៊ី និង អាម៉េរិក​ខាងជើង។ ប្រការនេះ​មិនមាន​អ្វី​ចម្លែក ដោយសារ​ថា Kymco ដែលជា​យីហោ​របស់ ចិនតៃវ៉ាន់ បាន​មាន​វត្ត​មាននៅ ទ្វីបអាស៊ី រួចហើយ។

ម៉ូតូ​អគ្គិសនី Kymco Like 125 EV ត្រូវបាន​បំពាក់​ម៉ាស៊ីន​ដើរ​ដោយ​អគ្គិសនី​មួយគ្រឿង​ដែលមាន​កម្លាំង​ឡើងដល់ 3,200W ហើយ​ម៉ាស៊ីន​នេះ​ត្រូវបាន​ចាត់ទុកថា​ល្អ​ខ្លាំង​សម្រាប់​បរិស្ថាន និង​មាន​មុខងារ​ប្រហាក់ប្រហែល​នឹង​ម៉ាស៊ីន​ចំហេះ​ក្នុង។

ម៉ូតូ​នេះ​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែលមាន​ឈ្មោះថា Lonex អាចឱ្យ​ជិះ​បាន 199 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​បាន 1 ម៉ោង។ យោងតាម​អាយុកាល​របស់​ថ្ម ម៉ូតូ​នេះ​នឹង​អាច​បញ្ចូល​ថាមពល​បាន​ប្រហែល 1,000 លើក ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​លក្ខណៈ​បច្ចេកទេស​ដ៏​អស្ចារ្យ។

ឧបករណ៍​ទំនើប​នានា​នៅលើ​ម៉ូតូ Kymco Like 125 EV មានដូចជា​ប្រព័ន្ធ​ភ្លើង LED, នាឡិកា TFT ជាដើម អាច​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​មុខងារ​កំណត់​ទិស GPS ។ល។

ម៉ូតូ​អគ្គិសនី Kymco Like 125 EV មាន​រូបរាង​ស្រដៀង​នឹង​ម៉ូតូ​ប្រភេទ scooter និង​ប្រើប្រាស់​លេខ​អូ​តូ ងាយស្រួល​បើកបរ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ត្រឹមតែ 99 គីឡូក្រាម​ប៉ុណ្ណោះ។ ចំណែក​តម្លៃ​វិញ Kymco Like 125 EV ត្រូវបាន​ដាក់លក់​ត្រឹម 1,195 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ អឺរ៉ុប ដែល​នេះ​អាច​និយាយបានថា «ថោក» ពិតមែន៕

Advertisement