ប្រទេស​ចិន សាកល្បង​ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្ត​នៅ​លើ​សមុទ្រ (វីដេអូ)

កំណែ​គំរូ​នៃ​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើក AR-500BJ របស់ ចិន បានសម្រេច​គោលដៅ​ជា​ស្ថាពរ​ក្នុងការ​សាកល្បង​ហោះ​ឡើង និង​ចុះចត​នៅលើ​នាវា​នៅឯ​កំពង់ផែ Qingdao កាលពី​ថ្ងៃទី ២២ កក្កដា។

«ក្នុងពេល​សម្ដែង​បង្ហាញ និង​ដំណើរការ​សាកល្បង AR-500BJ បានសម្រេច​គោលដៅ​ដោយ​រលូន​ចំពោះ​វិញ្ញាសា​ហោះហើរ​ដូចជា ហោះ​ឡើង និង​ចុះចត​នៅលើ​នាវា ដែល​នេះ​គឺជា​ជំហាន​ដ៏​ធំ​នៃ​ការរីកចម្រើន​របស់​ប្រភេទ​ឧទ្ធម្ភាគចក្រ​គ្មាន​មនុស្ស​បើកបរ​នេះ» ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) បានប្រកាស​នៅលើ​ទំព័រ WeChat ដូច្នេះ។

AR-500BJ គឺជា​ឧទ្ធម្ភាគចក្រ​ធុន​ស្រាល ដោយមាន​ទម្ងន់ ៥០០ គីឡូក្រាម នេះ​បើតាម CCTV។ វា​ត្រូវបាន​អភិវឌ្ឍ​ដោយយោង​ទៅតាម​ម៉ូ​ដែល​ឧទ្ធម្ភាគចក្រ AR-500 ដែល​ត្រូវបាន​ប្រកាស​បង្ហាញ​មុន​នោះ ដើម្បី​សមស្រប​នឹង​ចំណត​ដ៏​តូចចង្អៀត​នៅលើ​នាវា។ ឧទ្ធម្ភាគចក្រ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ដើរ​ដោយ​ប្រេងឥន្ធនៈ​ធុន​ធ្ងន់ ដែល​ផលិត​ដោយ​ប្រទេស​ចិន។

ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្តិ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលដៅ​យោធា និង​ស៊ីវិល។ វា​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង «បរិស្ថាន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ស្មុគស្មាញ» ជា​ស្ថានការណ៍​យោធា​មួយ​ដែល​រលកសញ្ញា​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​រារាំង​សមត្ថភាព​តាមដាន​សភាពការណ៍​ក្នុង​សមរភូមិ។

ឧទ្ធម្ភាគចក្រ​បើកបរ​ស្វ័យប្រវត្ត ដែល​ផលិត​ដោយ ប្រទេស​ចិន ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន ដូចជា ប្រទេស​អាល​ហ្សេ​រី និង អេ​ហ្ស៊ី​ប ជាដើម ដោយសារតែ​វា​មានតម្លៃ​ទាប​ជាង ធៀប​នឹង​ផលិតផល​របស់ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប៕

Advertisement