Elon Musk ថា បាន​ដំឡើង «ប្រព័ន្ធ​ខួរក្បាល» ទៅក្នុង​ប្រព័ន្ធ​ពពក​កុំព្យូទ័រ​រួចហើយ

មហាសេដ្ឋី Elon Musk បានឱ្យដឹងថា គាត់​បាន​ដំឡើង​ទិន្នន័យ​ដែល​ថត​បាន​ពី​ខួរក្បាល​របស់គាត់ ចូលទៅក្នុង​ប្រព័ន្ធ​ពពក​កុំព្យូទ័រ (cloud computing) ដើម្បី​ជជែក​លេង​ជាមួយ​កំណែ​ចម្លង​របស់ខ្លួន។

«បើសិន​លោក​អាច​ដំឡើង​ប្រព័ន្ធ​ខួរក្បាល​របស់ខ្លួន​ទៅក្នុង​ពពក​កុំព្យូទ័រ និង​និយាយ​ជាមួយ​កំណែ​មួយទៀត​របស់ខ្លួន តើ​អ្នក​ទាំងពីរ​អាច​ក្លាយជា​មិត្ត ឬទេ?» Bill Marcus សហ​ស្ថាបនិក​របស់ Dogecoin បាន​សួរ​នៅលើ Twitter កាលពី​ថ្ងៃទី ១៩ កក្កដា។

ឆ្លើយតប​នឹង​សំណួរ​ខាងលើ លោក Musk សរសេរថា «បានធ្វើ​រឿងនេះ​រួចហើយ» ប៉ុន្តែ មិនបាន​ឱ្យដឹង​លម្អិត​អំពី​បញ្ហា​នេះ។ មតិ​របស់​ម្ចាស់ Tesla ភ្លាមនោះ​ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម។

មតិ​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​មាន​អ្នកខ្លះ​ថា «សប្បាយចិត្ត​បើសិន​ជាមាន​កំណែ​ចម្លង​បែបនេះ»។ ក៏ប៉ុន្តែ ក៏មាន​អ្នកខ្លះ​ថា «មិន​ចូលចិត្ត ព្រោះថា កំណែ​ចម្លង​របស់​ពួកខ្លួន​អាច​ជជែក​លេង​ជាមួយ​អ្នកផ្សេង និង​ទទួលបាន​ព័ត៌មាន ឬ​ចំណេះដឹង​បន្ថែម​ជា​បន្តបន្ទាប់ ខណៈដែល​កំណែ​ពិត​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវិត​រាប់មិនអស់»។ ចំណែក​អ្នកខ្លះ​ក៏​ថា «នឹង​ទុកឱ្យ​កំណែ​ចម្លង​របស់ខ្លួន​ជជែក​លេង​ជាមួយ​មនុស្សម្នា ហើយ​កំណែ​ពិត​នឹងមាន​ពេល​សម្រាក កម្សាន្ត ឬ​លម្ហែកាយ​តាមចិត្ត»។

ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅ​មានមតិ​មួយចំនួន​សង្ស័យ​ទៅលើ​ព័ត៌មាន​ដែល Musk បានប្រកាស។ កាលពី​ឆ្នាំ​កន្លង Elon Musk បាន​និយាយថា «ពេលអនាគត ប្រព័ន្ធ Neuralink ដ៏​ឆ្លាត​វៃ អាច​នាំ​អ្នក​ទៅកាន់​ពិភព​ពិត​ក្នុង​រូបភាព​និម្មិត»។ លោក​ជឿថា បច្ចេកវិទ្យា​ឈី​ប​ខួរក្បាល​របស់ Neuralink ល្អ​ជាង metaverse ទៅទៀត។

មុន​នោះ Neuralink ធ្លាប់បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី សត្វ​ស្វា Pager ចេះ​លេង​ហ្គេម បន្ទាប់ពី​ត្រូវបាន​បំពាក់​ឈី​ប​ខួរក្បាល។ លោក Musk បានឱ្យដឹងថា ក្រុមហ៊ុន Neuralink មាន​គម្រោង​ចាប់ផ្ដើម​បំពាក់​ឈី​ប​កុំព្យូទ័រ​ទៅក្នុង​ខួរក្បាល​មនុស្ស​នៅក្នុង​ឆ្នាំនេះ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី FDA (អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក) នៅឡើយ។

Advertisement