បច្ចេកវិទ្យា​បញ្ចូល​ថាមពលថ្ម​​ពេញ 80% ដោយ​ប្រើពេល​តែ 72 វិនាទី ៖ «ស្មើ​នឹង​ការ​ចាក់​សាំង​នៅ​ស្ថានី​យ​ឥន្ធនៈ»!

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ ស្វ៊ី​ស អភិវឌ្ឍ​ប្រព័ន្ធ​​កូនកាត់ (hybrid) ជាមួយនឹង​បច្ចេកវិទ្យា​ថ្ម​ប្រពៃណី និង​បច្ចេកវិទ្យា ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ (supercapacitor) បញ្ចូល​ថាមពល​ឆាប់​ពេញ ដែល​នេះ​អាចជួយ​ឱ្យ​រថយន្ត​អគ្គិសនី​កាន់តែ​ទទួលបាន​ការពេញនិយម​ប្រើប្រាស់​នាពេល​ដ៏​ខ្លី​ខាងមុខ។

ពេលវេលា​ជា​មធ្យម​ដើម្បី​ចាក់​សាំង​ពេញ​សម្រាប់​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​គឺ 2 នាទី នេះ​បើតាម វិទ្យាស្ថាន​ឥន្ធនៈ​អាម៉េរិក។ យោងតាម Interesting Engineering ក្រុមហ៊ុន​របស់ ស្វ៊ី​ស Morand អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ផ្ទុក​ថាមពល​ថ្មី ជួយ​ឱ្យ​ការបញ្ចូល​អគ្គិសនី​ចំណាយ​​ពេល​ខ្លី​បំផុត ដែល​អាច​ប្រៀបផ្ទឹម​ជាមួយនឹង​ការចាក់​ប្រេងឥន្ធនៈ​នៅលើ​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ចំហេះ​ក្នុង។

បច្ចេកវិទ្យា​ថ្មី​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា eTechnology គឺជា​ប្រព័ន្ធ​កូនកាត់​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ថ្ម​ប្រពៃណី និង​បច្ចេកវិទ្យា​បច្ចូល​ថាមពល​រហ័ស​ ស៊ុ​ប៉ែ​កា​ប៉ា​ស៊ី​ទ័​រ (supercapacitor) ដែល​ត្រូវបាន​រំពឹងថា នឹង​ជំរុញ​​ឱ្យ​គ្រប់គ្នា​ងាក​ទៅប្រើ​ប្រាស់​យាន​យន្ត​​អគ្គិសនី។ ជាង​នេះ បច្ចេកវិទ្យា​ថ្មី​នេះ​ក៏មាន​អាយុកាល​វែង​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ថ្ម​ប្រភេទ lithium-ion ដែល​ត្រូវបាន​ប្រើ​លើ​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន។

នៅក្នុង​ការសាកល្បង ថ្ម​គំរូ 7.2 kWh របស់ eTechnology អាច​បញ្ចូល​ថាមពល​បាន 80% ដោយ​ប្រើពេល​តែ 72 វិនាទី, 98% ចំណាយពេល 120 វិនាទី និង 100% ​រយៈពេល 2.5 វិនាទី ក្នុង​កម្រិត 900 A ឬ 360 kW។

បច្ចេកវិទ្យា​ថ្មី​នេះ​ក៏​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅក្នុង​អាកាសធាតុ​អាក្រក់ ជា​បញ្ហា​ដែល​ថ្ម​របស់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន​ពិបាក​ធ្វើបាន។

Morand កំពុងតែ​សហការ​ជាមួយ​ដៃគូ​ជំនួញ​ដើម្បី​នាំយក eTechnology ទៅកាន់​ទីផ្សារ។ ក្នុងដំណាក់កាល​ដំបូង ថ្ម eTechnology នេះ​អាចមាន​តម្លៃ​ខ្ពស់ជាង​ថ្ម lithium-ion ប៉ុន្តែ Morand នឹង​បញ្ចុះតម្លៃ​ថ្ម​ប្រភេទ​ថ្មី​ តាមរយៈ​ការពង្រីក​ចង្វាក់​ផលិតកម្ម៕

ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​ថ្ម eTechnology របស់ Morand
ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ eTechnology របស់ Morand
Advertisement