កំណែ​ពេញលេញ​នៃ​យន្តហោះ​​បែប​ឯកជន​តម្លៃ ១៥០,០០០ ដុល្លារ ចាប់ផ្ដើម​ហោះហើរ​សាកល្បង

កំណែពេញលេញ​ដំបូង​របស់យន្តហោះ Air One

(អ៊ីស្រាអែល)-កំណែ​គំរូ Air One ដែលជា​យន្តហោះ​មាន​កង្ហារ​ចំនួន ៨ គ្រឿង និង​អាច​ហោះហើរ​បាន ២៥០ គីឡូម៉ែត្រ/ម៉ោង បាន​សាកល្បង​ហោះហើរ​បណ្ដែត​ខ្លួន​ជាច្រើនលើក​ដោយ​ជោគជ័យ។

កំណែ​គំរូ​ពេញលេញ​ដំបូង​របស់ Air One ដែល​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដំណើរការ​ដោយ​អគ្គិសនី បានចាប់ផ្ដើម​ធ្វើការ​សាកល្បង នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី ១៣ កក្កដា។ Air One ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Israel Air របស់ អ៊ីស្រាអែល គឺជា​យន្តហោះ ២ កៅអី មាន​មនុស្ស​បើកបរ មានតម្លៃ​ប្រហែល ១៥០,០០០ ដុល្លារ​អាម៉េរិក។ មុន​នោះ ក្រុមហ៊ុន​នេះ​បាន​សាកល្បង​ការហោះហើរ​ចំពោះ​កំណែ​ដែលមាន​ទំហំ​តូច​ជាង​នេះ។

Air One មាន​ស្លាប​វែង​ចំនួន ២ និង​មាន​បំពាក់​កង្ហារតូចៗចំនួន ៨ គ្រឿង។ ដោយ​ពុំមាន​ប្រព័ន្ធ​រុញច្រាន​ទៅមុខ យន្តហោះ​នេះ​ត្រូវ​ទេរ​ខ្លួន​ដូច​ទៅនឹង​យន្តហោះ​ដែលមាន​កង្ហារ​ច្រើន​ដទៃទៀត។ Air One អាច​ហោះ​បាន​លឿន​បំផុត​ត្រឹម ២៥០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​ធម្មតា​ត្រឹម ១៦០ គីឡូម៉ែត្រ/ម៉ោង។ កម្លាំង​អតិបរមា​របស់​យន្តហោះ​នេះ​គឺ ៧៧១ សេះ ខណៈដែល​ផ្ទុក​ទម្ងន់​បាន ២៥០ គីឡូក្រាម និង​ហោះ​បាន ១ ម៉ោង បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ ហើយ​ហោះ​បាន​រយៈ​ចម្ងាយ​ប្រហែល ១៧៧ គីឡូម៉ែត្រ។

កំណែ​ពេញលេញ​របស់ Air One ដែលមាន​ទម្ងន់ ៨៦៨ គីឡូក្រាម បាន​ហោះហើរ​សាកល្បង​ដំបូង​នៅលើ​វាលស្រែ​មួយកន្លែង​នៅ Megiddo ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី ២១ មិថុនា។ នេះ​គឺជា​ការសាកល្បង​ហោះហើរ​បណ្ដែត​ខ្លួន​ដោយមាន​ចងខ្សែ ហើយ Air One ក៏បាន​សាកល្បង​ហោះហើរ​បែបនេះ​ជា​ច្រើនដង​មកហើយ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

ដោយមាន​តម្លៃ ១៥០,០០០ ដុល្លារ Air One ថ្លៃ​ជាង​ប្រហែល​ពាក់កណ្ដាល ធៀប​នឹង​យន្តហោះ Jetson One របស់ ក្រុមហ៊ុន​ស៊ុយអែត Jetson។ ប៉ុន្តែ Air One មាន​កៅអី​ចំនួន ២ ចំណែក Jetson One មានតែ ១ កៅអី។ Air One ហោះ​បាន​ឆ្ងាយ​ជាង ៣ ដង ធៀប​នឹង Jetson One។

ក្រុមហ៊ុន Israel Air បានឱ្យដឹងថា ពួកគេ​លក់ Air One បាន​ជាង ១៥០ គ្រឿង ហើយ​គ្រោង​នឹង​ប្រគល់ដល់ដៃ​អតិថិជនដំបូងៗនៅ​ឆ្នាំ ២០២៤៕

Advertisement