ថ្ម​រក្សា​ថាមពល​ធ្វើ​អំពី​ខ្សាច់​ដំបូង​គេ​ក្នុង​ពិភពលោក ជួយ​ផ្គត់ផ្គង់​កម្ដៅ​នៅ ហ្វាំ​ង​ឡង់

ដំណើរការ​នៃ​ប្រព័ន្ធ​ថ្មធ្វើ​ពីខ្សាច់​របស់ ក្រុមហ៊ុន Polar Night Energy

ក្រុមហ៊ុន​មួយ​របស់ ប្រទេស​ហ្វាំ​ង​ឡង់ បាន​ដំឡើង​ប្រព័ន្ធ​ថ្ម​ដែលមាន​ធាតុ​ផ្សំ​ពី​ខ្សាច់​ប្រហែល ១០០ តោន ជួយ​រក្សា​ថាមពលបៃតង​ក្នុង​ទម្រង់​កម្ដៅ​ក្នុង​រយៈពេល​ជាច្រើន​ខែ និង​អាច​ប្រើប្រាស់​ជំនួស​អគ្គិសនី​បាន​ច្រើន​ករណី។

ក្រុម​វិស្វករ​វ័យក្មេង​របស់​ក្រុមហ៊ុន Polar Night Energy បាន​ដំឡើង​រួចរាល់​នូវ «ថ្ម​ខ្សាច់» ដែល​ដំណើរការ​មុខងារ​​ពេញ​លេញ​​ដំបូង​ក្នុង​ពិភពលោក នៅ​ទីរួមស្រុក Kankaanpaa នៃ ប្រទេស​ហ្វាំ​ង​ឡង់ នេះ​បើតាម BBC ចុះផ្សាយ​កាលពី​ម្សិលមិញ។ ឧបករណ៍​ថ្មី​នេះ​ត្រូវ​បានដាក់​នៅក្នុង​រោងចក្រ​អគ្គិសនី Vatajankoski។

តម្រូវការ​ថាមពល​ក្នុង​ពិភពលោក បូករួម​នឹង​បញ្ហា​ប្រេង​ឡើងថ្លៃ បាន​នាំឱ្យ​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​ទៅលើ​វិស័យ​ថាមពល​កកើត​ឡើងវិញ។ ក៏ប៉ុន្តែ ថ្ម​រក្សា​ថាមពល​អគ្គិសនី​ទំនើប ផ្ទាំង​សូ​ឡា ឧបករណ៍ប្រើប្រាស់​ថាមពលខ្យល់​ជាដើម​នៅមាន​តម្លៃ​ខ្ពស់​នៅពេល​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ។

ចំណែក​ថ្ម​ដែល​ធ្វើ​អំពី​ខ្សាច់​វិញ អាច​រក្សាទុក​ថាមពល​បៃតង​ក្នុង​រយៈពេល​ច្រើន​ខែ។ វត្ថុ​ធាតុ​សំខាន់​របស់​ឧបករណ៍​នេះ​គឺ​ខ្សាច់​ប្រហែល ១០០ តោន ដែល​ផ្ទុក​នៅក្នុង​ជង្រុក​ធំ និង​ខ្ពស់។

ដំណើរការ​នៃ​ថ្ម​ខ្សាច់​នេះ​មាន​ដូចតទៅ៖ អគ្គិសនី​សល់​ដែលមាន​តម្លៃ​ទាប ត្រូវបាន​គេ​យកមក​កម្ដៅ​ខ្សាច់​ឱ្យ​ឡើងដល់ ៥០០ អង្សា​សេ តាមរយៈ​ឧបករណ៍​ជំនួយ​កម្ដៅ​របស់ Polar Night Energy។ ដំណើរការ​នេះ​ធ្វើឱ្យ​បរិយាកាស​ក្នុង​ខ្សាច់​ឡើង​ក្ដៅ​ខ្លាំង។ ខ្សាច់​គឺជា​វត្ថុ​ធាតុ​ដែល​រក្សា​កម្ដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិនសូវ​បាត់បង់​កម្ដៅ​ទៅតាម​ពេលវេលា។ ក្រុម​អ្នក​អភិវឌ្ឍ​បានឱ្យដឹងថា ឧបករណ៍​របស់​ពួកគេ​អាច​រក្សា​ខ្សាច់​ឱ្យនៅ​ក្ដៅ​ត្រឹម ៥០០ អង្សា​សេ ក្នុង​រយៈពេល​ច្រើន​ខែ។

នៅពេល​ត្រូវការ​ប្រើប្រាស់ គេ​អាច​បញ្ចេញ​ថាមពល​ពី​ថ្ម​ខ្សាច់​នេះ ដើម្បី​ធ្វើឱ្យ​ទឹក​ឡើង​ក្ដៅ​សម្រាប់​បូម​ចូលក្នុង​ប្រព័ន្ធ​ទឹក​ក្ដៅ​របស់​តំបន់។ ក្រោយមក ទឹក​ដែល​ក្ដៅ​នេះ​ត្រូវបាន​បូម​ទៅក្នុង​ប្រព័ន្ធ​បំពង់​បង្ហូរទឹក​របស់​គ្រួសារ ការិយាល័យ ឬ​អាង​ហែល​ទឹក​នានា។ វិធី​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​កម្ដៅ​នៅក្នុង​រដូវ​ត្រជាក់​ដ៏​សែន​រងា​ដែល​អូសបន្លាយ​ពេល​យូរ​នៅ ហ្វាំ​ង​ឡង់៕

Advertisement