ឆ្នាំ 2022 រថយន្ត​នឹងមាន​បច្ចេកវិទ្យា​ថ្មី អាច​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ថ្មើរជើង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់

(ជប៉ុន)-បច្ចេកវិទ្យា​ថ្មី​ដែលជា​កិច្ចសហការ​អភិវឌ្ឍរ​វាង​ក្រុមហ៊ុន Honda និង SoftBank អាចជួយ​ឱ្យ​រថយន្ត​ធ្វើការ​ព្រមាន​ដល់​អ្នក​ថ្មើរជើង ឱ្យ​ចាក​ចេញពី​ផ្លូវ​រថយន្ត ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

ក្នុង​ប្រកាស​នាពេលថ្មីៗនេះ ភាគី​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា បានចាប់ផ្ដើម​ប្រើប្រាស់​សាកល្បង​នូវ​បច្ចេកវិទ្យា​ដែល​យោងទៅតាម​ស្ថានភាព​លើ​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការគ្រោះថ្នាក់​រវាង​រថយន្ត និង​អ្នក​ថ្មើរជើង។ បច្ចេកវិទ្យា​នេះ ប្រើប្រាស់​ប្រព័ន្ធ 5G SA និង​ប្រព័ន្ធ​ទំនាក់ទំនង V2X (Vehicle to Everything) ដែល​បច្ចុប្បន្ន​ត្រូវបាន​សាកល្បង​នៅ ប្រទេស​ជប៉ុន។

ក្នុងស្ថានភាព​ទីមួយ អ្នក​ថ្មើរជើង​បង្ហាញខ្លួន​ក្នុង​រង្វង់​នៃ​ការមើលឃើញ​របស់​រថ​យន្ត។ ពេលនោះ បើសិនជា​កាមេរ៉ា​របស់​រថយន្ត​មើលឃើញថា​មាន​ហានិភ័យ​នៃ​ការប៉ះទង្គិច​ជាមួយ​អ្នកដើរ រថយន្ត​នឹង​បញ្ជូន​សារ​ព្រមាន​ទៅកាន់​ទូរស័ព្ទ​របស់​អ្នក​ថ្មើរជើង តាមរយៈ​សេវា MEC (Multi-access edge computing ដែល​មុន​នោះ​គឺ  mobile edge computing)។ ប្រការនេះ​ជួយ​ឱ្យ​អ្នក​ថ្មើរជើង​អាច​គេច​ចេញពី​ផ្លូវ​របស់​រថយន្ត​ទាន់ពេល។

ក្នុងស្ថានភាព​ទី​ពីរ អ្នក​ថ្មើរជើង​ស្ថិតនៅក្នុង​ចំនុច​កំបាំង។ ពេលនោះ រថយន្ត​នឹង​ពិនិត្យ​តាមរយៈ​ឧបករណ៍​ចល័ត និង​រថយន្តផ្សេងៗដែល​នៅក្បែរនោះ ដើម្បីឱ្យ​ប្រាកដថា មាន​អ្នក​ថ្មើរជើង​ណា​នៅ​ជុំវិញ​ទីនោះ ឬ​អត់។ បើ​មាន ប្រព័ន្ធ​នឹង​ព្រមាន​ដល់​ម្ចាស់​រថយន្ត ក៏ដូចជា​អ្នក​ថ្មើរជើង​នោះ។

ក្នុងស្ថានភាព​ទី​បី ទិន្នន័យ​ស្ដីពី​តំបន់​ជាក់លាក់​ណាមួយ ត្រូវបាន​ចែករំលែក​តាមរយៈ​ប្រព័ន្ធ​រួម ដល់​បណ្ដា​រថយន្ត។ ពេលនោះ បណ្ដា​រថយន្ត​ដែល​កំពុង​បរ នឹង​ផ្ញើ​សារ​ស្ដីពី​ទីតាំង​ដែល​ពិបាក​មើលឃើញ ទៅកាន់​សេវា MEC ហើយ MEC នឹង​បញ្ជូន​សារ​ព្រមាន​ដល់​បណ្ដា​រថយន្ត​ដែល​ស្ថិតនៅក្នុង​ទីតាំងក្បែរៗនោះ។

យោងតាម Bloomberg ក្រុមហ៊ុន Honda និង SoftBank បានចាប់ផ្ដើម​សហការគ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​តាំងតែ​ពី​ឆ្នាំ 2017។ តាម​ផែនការ នៅ​ចុងខែ​មីនា 2022 ពួកគេ​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​នានា​ដែល​កំពុង​សាកល្បង ឱ្យទៅជា​ប្រព័ន្ធ​តែមួយ៕

Advertisement