ណា​សា បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង ត្រៀម​សម្រាប់​បេសកកម្ម​ត្រលប់​ទៅ​ជាន់ដី​ព្រះ​ចន្ទ

ផ្កាយរណប​ខ្នាតតូច​មួយគ្រឿង ត្រូវបាន​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​កាលពី​ម្សិលមិញ ដើម្បី​ជាការ​ចាប់ផ្ដើម​ជំហាន​ដំបូង​សម្រាប់​កម្មវិធី​ព្រះ​ចន្ទ Artemis។

យានអវកាស Photon នាំយក​ផ្កាយរណប CAPSTONE ដែល​ត្រូវបាន​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Electron របស់​ក្រុមហ៊ុន Rocket Lab ពី​ឧបទ្វីប Mahia របស់ នូ​វែ​ល​សេ​ឡង់ កាលពី​វេលា​ម៉ោង​ជិត ២២ ថ្ងៃទី ២៨ មិថុនា (ម៉ោង​ជិត ១៧ នៅ ភ្នំពេញ)។

ក្នុង​រយៈពេល ៥ ថ្ងៃ​ទៀត បើសិនជាអ្វីៗដំណើរ​ការល្អ Photon នឹង​បញ្ឆេះ​ម៉ាស៊ីន​លើកចុងក្រោយ​របស់​វា​ក្នុង​បំណង​បង្កើនល្បឿន​ឱ្យដល់ ៣៩,៥០០ គីឡូម៉ែត្រ/ម៉ោង ដើម្បី​អាច​ហោះ​ផុតពី​ទំនាញផែនដី និង​ឆ្ពោះទៅកាន់​ឋាន​ព្រះ​ចន្ទ។ ក្នុងអំឡុង ២០ នាទី រាប់​ចាប់ពី​ពេល​បញ្ឆេះ​ម៉ាស៊ីន​នោះ Photon នឹង​បញ្ចេញ​ផ្កាយរណប CAPSTONE។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ យូរៗម្ដង CAPSTONE នឹង​បញ្ឆេះ​ម៉ាស៊ីន​របស់​វា ហើយ​ចុងក្រោយ​នឹង​ហោះ​ចូលដល់​គន្លង​គោចរ NRHO ដែល​នៅ​ជុំវិញ​ព្រះ​ចន្ទ ជាទី​ដែល​ផ្កាយរណប​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ស្ថិរភាព​របស់​គន្លង​គោចរ​ដែល ណា​សា គ្រោង​នឹងដាក់​ស្ថានីយ​អវកាស Gateway។

Gateway នឹង​ដើរតួនាទី​ជាទី​តាំង​សំចត​សម្រាប់​យាន​មាន​មនុស្ស​បើក និង​យាន​គ្មាន​មនុស្ស​បើក ត្រៀមខ្លួន​ដើម្បី​ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ។ ណា​សា បានកំណត់​គោលដៅ​បាញ់​បង្ហោះ​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស Gateway នៅ​ចុងឆ្នាំ ២០២៤។

CAPSTONE មាន​ទម្ងន់​តែ ២៥ គីឡូក្រាម និង​មាន​ទំហំ​ប៉ុន​ច​ង្ក្រា​ម​មីក្រូ​វ៉េវ​មួយគ្រឿង។ នេះ​គឺជា​ឧបករណ៍​ស្វែងរក​ផ្លូវ ឬ​ទិស មាន​សមត្ថភាព​កែប្រែ​ទិស​ដោយ​ស្វ័យប្រវត្ត​ដើម្បី​រក្សា​គន្លង​គោចរ៕

Advertisement