ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន ផលិត​នៅ ប្រទេស​វៀតណាម

ម៉ូ​ដែល​មួយចំនួន​នៃ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន Xiaomi នឹង​ក្លាយជា​ផលិតផល «made in Vietnam» ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍។

ឡូ​ទូរស័ព្ទ «made in Vietnam» ដំបូង​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ឃ្លាំង​របស់​អ្នក​ចែកចាយ Digiworld នេះ​បើតាម​ប្រកាស​របស់​ក្រុមហ៊ុន Xiaomi កាលពី​ថ្ងៃទី ៣១ ឧសភា។ នេះ​គឺជា​ផលិតផល​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង ក្រុមហ៊ុន​ចិន Xiaomi និង DBG Technology ដែលមាន​រោងចក្រ​នៅ​ខេត្ត Thai Nguyen ភាគ​ខាងជើង​នៃ ប្រទេស​វៀតណាម។

យោងតាម Xiaomi Vietnam ក្រុមហ៊ុន DBG Technology ដើរតួនាទី​ជា​ប្រតិបត្តិ​ករ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Xiaomi Vietnam។ រោងចក្រ DBG Technology ដំណើរការ​ចាប់ពី​ខែមិថុនា​ឆ្នាំ​កន្លង ដោយ​ទទួលខុសត្រូវ​ក្នុងការ​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​របស់ វៀតណាម និង​នាំចេញ​ទៅកាន់​ទីផ្សារ អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី និង ថៃ ជាដើម។

តំណាង​របស់ Xiaomi ឱ្យដឹងថា រោងចក្រ​ខាងលើ​ផលិត​តែ​ម៉ូ​ដែល​មួយចំនួន​របស់​ទូរស័ព្ទ Xiaomi តែប៉ុណ្ណោះ។

ក្រុមហ៊ុន​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា Canalys បានឱ្យដឹងថា Xiaomi គឺជា​ស្មា​ត​ហ្វូ​ន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ស្ដីពី​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន​ផ្គត់ផ្គង់​ច្រើនជាងគេ​នៅ វៀតណាម នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំនេះ។

មុន​នោះ ទូរស័ព្ទ Xiaomi ភាគច្រើន​ត្រូវបាន​ផលិត​នៅក្នុង ប្រទេស​ចិន និង ឥណ្ឌា។ ខុសពី Samsung ដែលមាន​រោងចក្រ​ផ្ទាល់ខ្លួន ក្រុមហ៊ុន Xiaomi តែងតែ​ដំឡើង​ទូរស័ព្ទ​របស់ខ្លួន​តាម​រយៈ​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ ដូចជា Foxcom, DBG, BYD, Flex ជាដើម ដូច​ទៅនឹង​វិធី​ដែល​ក្រុមហ៊ុន Apple កំពុង​ធ្វើ​នាបច្ចុប្បន្ន។

Advertisement