មហាសេដ្ឋី Elon Musk ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់បណ្ដាញ​សង្គម​ Twitter

មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ត្រូវបានតែងតាំង​ទៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម Twitter ប៉ុន្តែ លោក​នៅតែ​ត្រូវបាន​ប្រព្រឹត្ត​ស្មើភាព​គ្នា​ដូច​ទៅនឹង​គណនី Twitter ដទៃទៀត។

ការតែងតាំង​លោក Elon Musk ទើបត្រូវ​បាន Twitter បញ្ជូន​ឯកសារ​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ និង​ជួញដូរ​អាម៉េរិក (SEC)។ ឯក​សារបាន​បង្ហាញថា មហាសេដ្ឋី​រូបនេះ​នឹង​កាន់តំណែង​ជា​ប្រធាន​ទី​ពីរ ដែល​ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។ មុន​នោះ​មួយថ្ងៃ CEO របស់ Tesla ក៏បាន​ប្រកាសថា បាន​ទិញ​ភាគហ៊ុន Twitter ចំនួន ៩.២% និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​បង្អស់​របស់​ក្រុមហ៊ុន​នេះ។

ការដែល​លោក Musk ចូលរួម​ក្នុងគណៈ​គ្រប់គ្រង ត្រូវបាន​គេ​យល់ថា នឹង​នាំមក​នូវ​ការប្ដូរ​ផ្លាស់​សម្រាប់​បណ្ដា​ញ​សង្គម Twitter។ នៅក្នុង​សេចក្ដីប្រកាស​លើ​ទំព័រ​ផ្ទាល់ខ្លួន CEO របស់ Twitter លោក Parag Agrawal បាន​ហៅ​លោក Musk ថា​ជា «អ្នកគាំទ្រ​ដ៏​ស្វិតស្វាញ និង​ជា​អ្នក​រិះគន់​ខ្លាំងក្លា​បំផុត​អំពី​សេវាកម្ម» របស់ Twitter។ លោក Parag Agrawal វាយតម្លៃថា ការចូលរួម​របស់​ម​ហា​សេដ្ឋី​រូបនេះ «នឹង​នាំមក​នូវ​គុណ​តម្លៃ​ធំធេង​សម្រាប់​ក្រុមប្រឹក្សាភិបាល» និង​ជួយ​ឱ្យ​ពួកគេ​មាន​ឥទ្ធិពល​ជាង​មុន​នៅក្នុង​គម្រោង​យូរអង្វែង។

លោក Musk ក៏បាន​ឆ្លើយតប​នឹង​សារ​ខាងលើ​របស់ លោក Parag Agrawal ដោយ​សន្យាថា «នឹង​នាំមក​នូវ​ការកែលម្អ​ច្រើន​សម្រាប់ Twitter នា​ប៉ុន្មាន​ខែ​ខាងមុខ»។

ប៉ុន្តែ យោងតាម​តំណាង​របស់ Twitter លោក Elon Musk នឹង​នៅតែ​ត្រូវបាន​កំណត់​សិទ្ធិ​សម្រេច​នៅក្នុង​ក្រុមហ៊ុន។ «ការសម្រេចចិត្ត​នានា​លើ​គោលការណ៍​របស់​យើង មិនត្រូវ​បានកំណត់​ដោយ​ក្រុមប្រឹក្សាភិបាល ឬ​ភាគ​ហ៊ុ​និក​ឡើយ» Adrian Zamora អ្នកនាំពាក្យ​របស់ Twitter បានឱ្យដឹង​ដូច្នេះ។

Adrian Zamora បន្ថែមថា ក្រុមប្រឹក្សាភិបាល​មាន​តួនាទី​ក្នុងការ​ផ្ដល់យោបល់ និង​លើកឡើង​នូវ​ការឆ្លើយតបសំខាន់ៗទាក់ទង​នឹង​សេវាកម្ម​របស់​បណ្ដាញ​សង្គម ខណៈដែល​ដំណើរការ និង​ការសម្រេច​ប្រចាំថ្ងៃ​នឹងត្រូវ​បាន​អនុវត្ត​ដោយ​អ្នកគ្រប់គ្រង និង​បុគ្គលិក​នៅ Twitter។ ក្រៅពីនេះ លោក Musk ក៏​នឹងត្រូវ​បានកំណត់​មិនឱ្យ​កាន់កាប់​ភាគហ៊ុន​លើសពី ១៤.៩%។

Advertisement