Technovation ជំរុញកុមារីកម្ពុជាឱ្យ​ដោះស្រាយបញ្ហាកម្ពុជា​តាមរយៈ​ Apps

Technovation ជាគម្រោង​ធំមួយ​ដែល​​​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់ឱកាស​ឱ្យ​កុមារីវ័យ​ចន្លោះ​ពី 10 ដល់​ក្រោម 19 ឆ្នាំ​ទទួលបាន​ឱកាស​ប្រកួតប្រជែង Mobile Apps ជាមួយ​កុមារី​មកពី​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក។

សម្រាប់ឆ្នាំ 2017 នេះ គឺជា​ឆ្នាំ​ទី 4 ហើយដែល Technovation បានធ្វើ​កម្មវិធី​ប្រកួត​ប្រជែង​បច្ចេកវិទ្យា។ ហើយកន្លងមកយើងឃើញហើយថា តាមរយៈការបណ្តុះណ្តាល​ពីសាស្រ្តាចារ្យជំនាញ កុមារីកម្ពុជាបានបង្កើតឡើងនូវ Mobile Apps ល្អៗជាច្រើន​ដើម្បីបង្ហាញដល់​គណៈកម្មការដែលមកពីពហុវិស័យ ដែល Apps នីមួយៗសុទ្ធតែអាចចូលរួមដោះស្រាយបញ្ហារបស់កម្ពុជាបាន ដូចជា កម្មវិធីសម្រាប់​ទិញលក់ផលិតផលកសិកម្ម កម្មវិធី​ចែកចាយសៀវភៅ និងកម្មវិធីសំខាន់ៗជាច្រើនទៀត។

កុមារីដែល​ចូលរួមក្នុងកម្មវិធី Technovation នេះនឹងត្រូវទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ជំនាញ​ធ្វើបទបង្ហាញ និងជំនាញទីផ្សារ (ពាណិជ្ជកម្ម) ដើម្បី​ធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាព ក្នុងការបង្កើត Mobile Apps និងមានសមត្ថភាពដើម្បីធ្វើបទបង្ហាញជាសាធារណៈនៅក្នុងការប្រកួត។

ម្យ៉ាងវិញទៀត ក្រៅពី​ការធ្វើបទបង្ហាញ និងជំនាញបច្ចេកវិទ្យា កុមារីកម្ពុជាដែលត្រូវចូលរួមក៏ត្រូវតែជាអ្នក​ពូកែនិយាយភាសាអង់គ្លេសផងដែរ ព្រោះបទបង្ហាញនឹងធ្វើជាភាសាអង់គ្លេសដើម្បីបង្ហាញដល់គណៈកម្មការចម្រុះជាតិសាសន៍។

ខាងក្រោមនេះជាវីដេអូនៃក្រុម Cambodia Identity Product ដែលបានធ្វើបទបង្ហាញគំនិតអាជីវកម្ម និងការបង្កើតកម្មវិធីទួរស័ព្ទដៃរបស់ពួកគេ នៅក្នុងកម្មវិធីប្រកួតជុំចុងក្រោយរបស់ Technovation នៅទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក៖

Advertisement