ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកើនឡើងដល់ 7លាននាក់

ភ្នំពេញៈ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់អ៊ិនធើណិត ក៏បានកើនឡើងនូវចំនួនផងដែរ តែតាមតួលេខ មានរហូតដល់ទៅជាង 7លាននាក់នៅកម្ពុជា។

លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4G LTE នាព្រឹកថ្ងៃទី30 មិថុនានេះថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវបន្តថា តាមរយៈការវិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសត្រូវផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។

សិក្ខាសាលានេះនឹងផ្តោតសំខាន់លើប្រធានបទមួយចំនួនរួមមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នារវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័តមានក្នុងស្រុកដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ៕

Advertisement