ប្រព័ន្ធសេវា 2G ផ្ដើមត្រូវបានគេបំភ្លេចចោល…

ប្រព័ន្ធសេវា 2G ដែលមានកំណើតតាំងពីឆ្នាំ1991 របស់ប្រទេសហ្វាំងឡង់ ចាប់ផ្ដើមត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តជាច្រើនទូទាំងពិភពលោក ជាពិសេសតំបនអាស៊ីបោះបង់ចោលបណ្ដើរៗហើយ គិតត្រឹមឆ្នាំ 2017 ខណៈប្រព័ន្ធបណ្ដាញបំពាក់បច្ចេកវិទ្យាថ្មីដូចជា 4G LTE និង 5G ក្លាយជាតម្រូវការដ៏មិនអាចខ្វះបានរបស់អ្នកប្រើប្រាស់។

យោងតាមសារព័ត៌មានចិន ឆាយណាប៉ុស្តិ៍ បានរាយការណ៍ថា ប្រតិបត្តិករផ្តល់បណ្តាញ និងសេវាទូរស័ព្ទចំនួន 3 រួមមាន Chunghwa Telecom, Taiwan Mobile & Far EasTone បានបិទមិនឱ្យដំណើរការបណ្តាញ និងសេវា 2G របស់ខ្លួន បើទោះបីជាមានការបដិសេធមិនទទួលយកពីសំណាក់អតិថិជនរបស់ខ្លួនជិត 90,000 នាក់ ស្មើនឹង ០.3% ក្នុងចំណោម 31 លាននៃអតិថិជនសរុបរបស់ប្រទេសនេះក៏ដោយ។ នៅក្នុងខែធ្នូ ឆ្នាំ2016 ក្រុមហ៊ុនតែលស្រ្តា ដែលជាប្រតិបត្តិករទូរស័ព្ទដ៏ធំបំផុតរបស់ប្រទេសអូស្រ្តាលីក៏បានបិទដំណើរការបណ្តាញសេវានេះដែរ ក្រោយពីបានដាក់ឱ្យដំណើរការអស់រយៈពេលជាង 23 ឆ្នាំរួចមក។ ចំណែកក្រុមហ៊ុន Optus របស់ស៊ីងតែល ដែលជាគូប្រកួតរបស់ក្រុមហ៊ុនតែលស្រ្តាក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវានេះផងដែរនៅក្នុងខែមេសា ឆ្នាំ 2017 ស្របពេលក្រុមហ៊ុន Vodafone របស់ប្រទេសអូស្រ្តាលីមានគម្រោងលុបចោល GSM ដ៏សំខាន់របស់ខ្លួនត្រឹមខែកញ្ញាខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន 3 របស់ប្រទេសសិង្ហបុរីក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវា 2G នេះផងដែរកាលពីខែមេសាកន្លងទៅ បន្ទាប់ពីការបិទដំណើរការនៃសេវានេះក្នុងរយៈពេល 3 សប្តាហ៍។

ក្នុងនោះ ក្រុមហ៊ុន NTT Codomo របស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនដែលបានបិទបណ្តាញសេវានេះមុនគេបង្អស់ក្នុងឆ្នាំ 2011។ ទង្វើរបស់ក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍ជប៉ុនបានធ្វើឱ្យក្រុមហ៊ុនដទៃទៀតរបស់ប្រទេសជប៉ុនបន្តបិទដំណើរការភ្លាមៗផងដែរ សល់តែក្រុមហ៊ុន Softbank ដែលនៅបន្តបម្រើប្រព័ន្ធទូរស័ព្ទដៃផ្ទាល់ខ្លួនហៅថា PHS- Personal Handy-Phone System (ស្តង់ដារជប៉ុន) 2G ដល់អតិថិជនជិត 3 លាននាក់របស់ខ្លួនចាប់តាំងពីការទិញក្រុមហ៊ុន Willcom នៅក្នុងឆ្នាំ 2010។ ស្របពេលដែលបណ្ដាញសេវា 4G LTE បានបើកដំណើរការ ក្រុមហ៊ុនកូរ៉េខាងត្បូង KT ក៏បានបិទសេវានេះដូចគ្នា កាលពីដើមឆ្នាំ 2012៕

Advertisement