(វីដេអូ)-នាវា​ទេសចរណ៍​​ដើរ​​ដោយ​​ថាមពល​​អគ្គិសនី​​ធំ​បំផុត​​ក្នុង​​ពិភព​លោក​​ ដំណើរ​​ការ​​លើក​​ដំបូង​

ប្រទេស​ចិន កាលពីថ្ងៃទី ២៩​ មិនា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាវា​ទេសចរណ៍​មួយ​គ្រឿង​ដែល​មាន​ប្រវែង​ ១០០ ម៉ែត្រ និង​មាន​បំពាក់​ថ្ម​ដែល​អាច​ផ្ទុក​ថាមពល​ប្រហាក់​ប្រហែល​នឹងថ្ម​របស់​​រថយន្ត​​អគ្គិសនី​ ១០០ គ្រឿង​។

នាវាទេសចរណ៍​ដំណើរ​ការ​ដោយ​ថាមពលអគ្គិសនី​ធំជាង​គេ​ក្នុង​ពិភពលោក ដែល​មាន​ឈ្មោះ​ថា «Yangtze River Three Gorges ១» កាលពី​ថ្ងៃអង្គារ​ ត្រូវ​បានដាក់​ឱ្យ​​ដំណើរ​ការ​ជា​លើក​ដំបូង​នៅទីក្រុង​ Yichang, ខេត្ត Hubei ប្រទេស​ចិន​។ នាវា​នេះ​បំពាក់​ថ្ម​ដែល​មាន​កម្លាំង​ ៧,៥០០ គីឡូវ៉ាត់​ម៉ោង​ ស្មើ​នឹង​ថាមពល​ថ្ម​របស់​រថយន្ត​អគ្គិសនី​ចំនួន​ ១០០ គ្រឿង​ បូក​ចូលគ្នា​។

នាវា​ Yangtze River Three Gorges ១ អាច​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាម​ពល​ពេញ ជួយ​សំច័យ​ឥន្ធនៈ​បាន​ ៥៣០ តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុល​បាន​ ១,៦៦០ តោន​ ដែល​អាច​រួម​ចំណែក​ក្នុង​គោល​ដៅ​បន្សុទ្ធ​ឧស្ម័ន​កាបូន​​ក្នុង​បរិយា​កាស​របស់​ អាជ្ញាធរ​ចិន នៅ​ឆ្នាំ​ ២០៦០​។

នាវា​ទេស​ចរណ៍​នេះ​មាន​បណ្ដោយ​ប្រវែង​ ១០០ ម៉ែត្រ និង​ទទឹង​ ១៦.២​ ម៉ែត្រ​ អាច​ដឹក​ភ្ញៀវ​​បាន​ ១,៣០០ នាក់​ ទៅ​ទេសចរណ៍​​តាម​បណ្ដោយ​ទន្លេ​ Yangtze (Yangzi ឬ Chang Jiang) ត្រង់​តំបន់​​ដែល​ឆ្លង​កាត់​ទីក្រុង​ Yichang នៅ​ភាគ​ខាង​លិច​នៃ​ខេត្ត Hubei។

Advertisement