ណា​សា សាកល្បង​រ៉ុក្កែត​កម្ពស់ ៩៨ ម៉ែត្រ ដើម្បី​ត្រៀម​សម្រាប់​ការហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

ប្រព័ន្ធ​រ៉ុក្កែត បាន​ត្រៀម​ជា​សម្រេច​សម្រាប់​ការ​សាកល្បង​បច្ចេក​ទេស​ និង​បច្ចេក​វិទ្យា​ដំបូង​ សម្រាប់​ការ​ហោះ​ហើរ​នា​ចុង​ឆ្នាំ​នេះ

ណា​សា (NASA) ធ្វើការ​សាកល្បង​រ៉ុក្កែត​ខ្នាត​យក្ស ជា​ប្រព័ន្ធ​បាញ់​បង្ហោះ SLS ដែល​ប្រើប្រាស់​ដើម្បី​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ចាប់ពី​ថ្ងៃទី១ ដល់ទី ៣ ខែមេសា។

រ៉ុក្កែត SLS ត្រូវបាន​ដឹក​ទៅកាន់​ប្រព័ន្ធ​ទម្រ​សម្រាប់​បាញ់​បង្ហោះ​របស់ ណា​សា នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy កាលពី ២ សប្ដាហ៍​មុន ក្រោយពី​ការចំណាយ​ពេល​អភិវឌ្ឍ​ច្រើន​ឆ្នាំ​មកនេះ។ រ៉ុក្កែត​នេះ​គឺជា​ចំណុច​ស្នូល​ក្នុង​គម្រោង​នាំ​អាកាសចរ​របស់ ណា​សា ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង បន្ទាប់ពី​បាន​ខកខាន​ច្រើន​ទសវត្សរ៍ និង​សម្រាប់​គោលដៅ​បន្ទាប់ពី​ទៅកាន់​ពិភព​អង្គារ។

ជើងហោះហើរ​ដំបូង​របស់ SLS នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ចុងឆ្នាំ ២០២២ ក្នុង​បេសកកម្ម Artemis។ រ៉ុក្កែត​នេះ​នឹង​នាំ​យាន Orion គ្មាន​មនុស្ស​បើកបរ ទៅកាន់​ទី​អវកាស និង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ។ តាម​ផែនការ ដំណើរ​នៃ​ការហោះហើរ​នឹង​អូសបន្លាយ​ពេល​ពី ៤ ទៅ ៦ សប្ដាហ៍។

នៅមុន​ការហោះហើរ​ខាងលើ SLS នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាច្រើនលើក​ដើម្បី​ធានាថា ប្រព័ន្ធ​ទាំងឡាយ​របស់​វា​ដំណើរ​ការល្អ។ ការសាកល្បង​ដំបូង​មួយចំនួន​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣ មេសា។

Advertisement