Vivo បង្ហាញស្មាតហ្វូនស្គែនក្រយៅដៃបង្កប់ក្រោមអេក្រង់ដំបូងគេ

ខណៈមានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន Apple អាចមានស្មាតហ្វូនគ្មាន Home Button និងដាក់បំពាក់ប្រព័ន្ធស្គែនក្រយៅដៃ (Fingerprint Scanner) នៅក្រោមអេក្រង់នៅចុងឆ្នាំនេះ ស្រាប់តែនៅពេលនេះមានដំណឹងលេចឮមកថា ក្រុមហ៊ុន Vivo នឹងត្រៀមរៀបចំព្រឹត្តិការណ៍បង្ហាញទូរស័ព្ទបំពាក់បច្ចេកវិទ្យានេះបានមុនទៅហើយដោយនឹងធ្វើឡើងនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2017 ខាងមុននេះ។

តាមការចុះផ្សាយលើគេហទំព័រ Gsmarena បានឱ្យដឹងថា Vivo បានធ្វើការបញ្ចេញនូវផ្ទាំងផ្សព្វផ្សាយមួយ ដែលថាខ្លួននឹងធ្វើបង្ហាញទូរស័ព្ទនៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅទីក្រុងសៀង ហៃ ប្រទេសចិន នៅថ្ងៃទី28 ខាងមុន។ ជាមួយគ្នានេះដែរ ប្រភពព័ត៌មានក៏បានបញ្ចេញនូវវីដេអូ Teaser ដែលយើងអាចមើលឃើញអំពីប្រព័ន្ធស្គែនក្រយៅដៃកាត់នៅលើអេក្រង់រួមជាមួយនឹងពាក្យថា “Unlock the future” ជាភាសាចិន និងអង់គ្លេស។

Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OnePlus ហើយក្រុមហ៊ុនចិនមួយនេះក៏ទទួលបានការពេញនិយមខ្លាំង និងកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនបានច្រើនគួរសមដែរ។ ចំពោះដំណឹងមួយនេះ យើងនៅមិនទាន់ប្រាកដ 100% នោះទេ ប៉ុន្តែបើវាជាការពិតនោះ Vivo នឹងក្លាយជាអ្នកនាំមុខគេក្នុងពិភពស្មាតហ្វូនជាក់ជាមិនខាន៕

Advertisement