ក្រុម​ហ៊ុន​អង់គ្លេស ​សាក​ល្បង​​បច្ចេក​វិទ្យា​​បើក​បរ​​ពី​​ចម្ងាយ ​សម្រាប់​​រថយន្ត​​ដឹក​​ភ្ញៀវ

គម្រោង​មួយ​របស់ រដ្ឋាភិបាល​អង់គ្លេស ធ្វើការ​សាកល្បង​ជា​លើកដំបូង​នូវ​បច្ចេកវិទ្យា​បើកបរ​រថយន្ត​ពី​ចម្ងាយ នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង អុក​ហ្វ​ដ (Oxford) និង ទីក្រុង​ឡុង​ដ៍។

យានយន្ត​ដែល​ចូលរួម​នៅក្នុង​គម្រោង​នេះ ផ្ទេរសិទ្ធិ​បើកបរ​បន្តបន្ទាប់រ​វា​ង​អ្នកបើកបរ​ក្នុង​រថយន្ត, ប្រព័ន្ធ​ស្វ័យប្រវត្ត​លើ​រថយន្ត និង​អ្នកបើកបរ​ពី​ចម្ងាយ តាមរយៈ​តំណ​ភ្ជាប់​ប្រព័ន្ធ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត (cybersecurity)។

យោងតាម Mike Potts នាយក​ប្រតិបត្តិ​របស់ StreetDrone ដែលជា​ស្ថាប័ន​ផ្គត់ផ្គង់ និង​គ្រប់គ្រង​ប្រព័ន្ធ​ស្វ័យប្រវត្ត និង​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ ការសាកល្បង​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅលើ​ដងផ្លូវ​ល្បឿន​លឿន​សាធារណៈ មិនមែន​នៅក្នុង​បរិស្ថាន​ដែលមាន​ការគ្រប់គ្រង​នោះទេ។ ជោគជ័យ​នៃ​ការសាកល្បង​នេះ បង្ហាញថា ការរួម​ផ្សំ​រវាង​បច្ចេកវិទ្យា ២ នឹង​នាំមក​នូវ​​ប្រសិទ្ធ​ភាព​​ទៅតាម​ការចង់បាន។

នៅពេល​ភារកិច្ច​មួយ​ដែលមាន​ភាពស្មុគស្មាញ​ហួសខ្លាំង​ពេក​សម្រាប់​បច្ចេកវិទ្យា​ស្វ័យប្រវត្ត អ្នកបញ្ជា​ពី​ចម្ងាយ​អាច​ចូលធ្វើ​អន្តរាគមន៍ភ្លាម។ ស្ថានីយ​ធ្វើការ​របស់​អ្នកបើកបរ​ពី​ចម្ងាយ គឺ​ដូច​ទៅនឹង​វិញ្ញាសា​ប្រណាំង​ឡាន​ដែលមាន​ម៉ាស៊ីន​ចំនួន ៣ សម្រាប់​តាមដាន​អេក្រង់ ចង្កូត និង​ឈ្នាន់។ ពួកគេ​អាច​ដោះស្រាយ​ស្ថានការណ៍​បន្ទាន់​នៅលើ​ដងផ្លូវ ដែល​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI) ប្រតិកម្ម​មិនទាន់​ហេតុការណ៍។

Advertisement