TikTok ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី​នៅ រុស្ស៊ី ដើម្បី​គោរព​តាមច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

កាលពី​ថ្ងៃទី ៦ មីនា បណ្ដាញ​សង្គម TikTok បានប្រកាស​ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី និង​គ្រប់​ប្រភេទ​ពី ប្រទេស​រុស្ស៊ី ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​បុគ្គលិក និង​ក្រុមហ៊ុន ក៏ដូចជា​គោរព​តាម​បទបញ្ជា​ថ្មី​របស់ ក្រុង​មូ​ស្គូ ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

បណ្ដាញ​សង្គម Tiktok បាន​បន្ថែមថា សេវាកម្ម​ផ្ញើ​សារ​ក្នុង​បណ្ដាញ​សង្គម​នេះ​នឹងមិន​រង​ផលប៉ះពាល់​ពី​ការផ្អាក​ខាងលើនេះ​ទេ។ ក្រុមហ៊ុន​នេះ​ក៏​នឹង​បន្ត​វាយតម្លៃ​ស្ថានការណ៍​នៅ រុស្ស៊ី ដើម្បី​ធ្វើការ​ភ្ជាប់​សេវាកម្ម​ទាំងស្រុង​ឡើងវិញ​ឱ្យបាន​សមស្រប​តាម​ពេលវេលា និង​ការជាក់ស្ដែង។

កាលពី​ថ្ងៃទី ៤ មីនា ប្រ​ធនា​ធិបតី​រុស្ស៊ី លោក ពូ​ទីន​បាន​ចុះហត្ថលេខា​អនុវត្ត​ច្បាប់​ពិន័យ​ដាក់ពន្ធនាគារ​ឡើងដល់ ១៥ ឆ្នាំ ចំពោះ​បុគ្គល​ដែល​ត្រូវបាន​ចោទ​ពីបទ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី កងទ័ព​រុស្ស៊ី ក្នុង​គ្រា​ដែល ក្រុង​មូ​ស្គូ កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ច្បាប់​ថ្មី​ខាងលើ​នឹងដាក់​ពិន័យ​ជា​ប្រាក់​ចាប់ពី ៧០០,០០០ ដល់ ១.៥ លា​នរូ​ប្ល​រុស្ស៊ី ឬ​ពិន័យ​ដាក់ពន្ធនាគារ ៣ ឆ្នាំ។ បើសិន​ប្រើប្រាស់​មុខតំណែង​ដើម្បី​បង្ហោះ​សារ​ក្លែងក្លាយ ឬ​បង្ហោះ​សារ​ក្លែងក្លាយ​ដើម្បី​រកប្រាក់ នឹងត្រូវ​បាន​ពិន័យ ៥ លា​នរូ​ប្ល ឬ​ជាប់ពន្ធនាគារ​ពី ៥ ដល់ ១០ ឆ្នាំ។ បុគ្គល​ល្មើស​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១០ ទៅ ១៥ ឆ្នាំ បើសិន​ព័ត៌មាន​ក្លែងក្លាយ​របស់​ពួកគេ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

Advertisement