ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

ផ្កាយរណប​​លើ​គន្លង​តារាវិថី​ដែល​ធ្វើការ​​សាកល្បង​លទ្ធភាព​នៃ​បច្ចេកវិទ្យា​ទាញ​យក និង​បាញ់បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ បាន​បញ្ចប់បេសកកម្ម​មួយ​ឆ្នាំ​របស់​ខ្លួន​ប្រកប​ដោយជោគ​ជ័យ​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​ California (Caltech) ​ប្រកាស​កាល​ពី​ថ្ងៃទី 16 មករា​ថា ក្រុម​វិស្វករ​នៃ​គម្រោង​ Solar Space Power Demonstrator (SSPD-1) បាន​វាយ​តម្លៃ​ថា ឧបករណ៍​ទាំង​បី​ដែល​ដាក់​នៅ​លើ​ផ្កាយ​រណប​ទម្ងន់ 50 គីឡូក្រាម​ សុទ្ធ​តែ​ដំណើរ​ការ​ដោយជោគ​ជ័យ ហើយ​ជឿ​ជាក់​ថា គម្រោង​នេះ​ «នឹង​បើក​ផ្លូវ​សម្រាប់​អនាគត​របស់ថាមពល​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​»​ នេះ​បើ​តាម​ Popular Science។

SSPD-1 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈរ៉ុក្កែត Falcon 9 របស់​ SpaceX កាលពី​ដើម​ខែ​មករា 2023 បាន​ធ្វើ​ការ​ពិសោធ​ចំនួន​បី​ រួម​មាន ការ​ធ្វើ​តេស្ត​ភាព​ធន់​ និង​ប្រសិទ្ធភាព​របស់​ផ្ទាំងសូឡា​មហា​ស្ដើង​, ការធ្វើ​តេស្ត​ និង​​ជ្រើស​រើស​ប្រភេទ​ផ្ទាំង​សូឡា​ដែល​សម​ស្រប​បំផុត​សម្រាប់​អវកាស​ រួម​នឹង​ការ​ធ្វើ​តេស្ត​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ​ដែល​ប្រមូល​បានពី​កម្ដៅ​ព្រះ​អាទិត្យក្នុង​ទីអវកាស​ មក​កាន់​ផែនដី​៕

Advertisement